(ភ្នំពេញ)៖ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើករណីហិង្សាដោយចេតនារបស់ឈ្មោះ រឿន ចាន់រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ទៅលើទារកឈ្មោះ វុធ ចាន់រតនៈ អាយុ ២ខែ ត្រូវជាកូនបង្កើត ស្នាក់នៅភូមិពោធិ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ករណីនេះកើតឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងកិច្ច បានប្រកាសថ្កោលទោសដាច់អហង្ការ មិនទទួលយកជាដាច់ខាតចំពោះការប្រព្រឹត្តអំពើហិង្សា ដោយចេតនា និងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌។

ចំពោះករណីនេះ ក្រសួងសង្គមកិច្ច ស្នើសុំសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាបន្ទាន់។

ពាក់ព័ន្ធនឹងអំពើហិង្សា អមនុស្សធម៌នេះ អ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច ដែលជាស្ថាប័នអនុវត្តលើការងារសិទ្ធិកុមារ សូមអំពាវនាវដោយទទូចលើសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន និងដាក់ទោសតឹងរឹងបំផុតដល់ឈ្មោះ រឿន ចាន់រតនា ដើម្បីកុំឲ្យអំពើអាក្រក់កើតមានក្នុងសង្គមជាតិបន្តទៀត៕