(ភ្នំពេញ)៖ ធនាគារ ហ្វីលីព ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាល ផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានជូនដំណឹងដល់បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បរធនបាល បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ថា ធនាគារ ហ្វីលីព ភីអិលស៊ី ទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. ជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ចសម្រាប់ប្រតិបត្តិការបរធនបាលកិច្ចពាណិជ្ជកម្ម ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន៕