(ភ្នំពេញ)៖ ស្ដ្រីម្នាក់មានកូនក្នុងផ្ទៃ៤ខែ ត្រូវបានប្ដីបាញ់សម្លាប់ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយជនដៃដល់បានរត់គេចខ្លួនក្រោយធ្វើសកម្មភាព ប៉ុន្ដែប៉ុន្មានម៉ោងក្រោយមកបានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ខណៈជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ ស្នាក់នៅផ្ទះកើតហេតុ។

បើតាមលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង បន្ទាប់ពីកើតហេតុភ្លាម ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាន បានចុះសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវ ប៉ុន្ដែពេលកំពុងស្រាវជ្រាវនោះ ជនដៃដល់ជាប្ដី បានចូលសារភាពកំហុសតែម្ដង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ នៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រច័ណ្ឌ។

ដោយឡែក នៅទីតាំងកើតហេតុ សមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និង​បំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនដៃដល់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕