(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ក្រោមកិច្ចសហការជាមួយមន្ទីរកិច្ចការនារី នារសៀលថ្ងៃទី២ខែមីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅមជ្ឈមណ្ឌលសុភមង្គលអគារB​ ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិធីនេះបានធ្វើឡើងក្រោមក្រោមវត្តមានលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង និងលោកស្រី លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី និងមានមន្រ្តីរាជការស្រ្តីជាច្រើនរូប មកពីសមាជិកក្រុម ប្រឹក្សាខេត្ត,អភិបាលរងខេត្ត, កងកម្លាំង, សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរនានាជុំវិញខេត្តចូលរួមផងដែរ។

លើកឡើងនាឱកាសនោះ លោក សុខ លូ ក៏បានថ្លែងអបអរសាទរដល់មន្រ្តីរាជការជុំវិញខេត្ត ដែលបានចូលរួមអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» និងបានអះអាងថា បច្ចុប្បន្ននេះក្នុងជួរមន្រ្តីរាជការ ជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ គឺមានស្រ្តី បានចូលរួមយ៉ាងសកម្ម និងមាន សមត្ថភាពបំពេញការងារបានដូចបុរសដែរ។

ក្នុងឱកាសនោះដែរលោក សុខ លូ បាន ក៏អំពាវនាវដល់ថ្នាក់ដឹកនាំមន្រ្តីរាជការនៅតាមបណ្តាក្រុង ស្រុក និង មន្ទីរនានាជុំវិញខេត្ត នាំគ្នាភ្ជាប់តេឡេក្រាមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានរាល់ព័ត៌មានបានទាន់វេលាពីថ្នាក់លើមកដល់ថ្នាក់ក្រោម ពីថ្នាក់ក្រោមទៅលើវិញ ពិសេសប្រជាពលរដ្ឋបានយល់ដឹងចែកចាយគ្រប់ព័ត៌មាននិងទាន់ពេលវេលាផងដែរ។

លោក សុខ លូ ក៏បានរំលឹកផងដែរ សម្រាប់ខេត្តបាត់ដំបងដែលបានទទួលពាន្តរង្វាន់ទីក្រុងស្អាតផ្កា រំដួល៣ទង និងខេត្ត ក្រុង ដែលបានរៀបចំកម្មវិធីឆ្លងឆ្នាំល្អជាងគេ ដែលទាំងនេះបានកើតចេញពីការចូលរួមរបស់មន្រ្តីរាជការថ្នាក់ក្រុង ស្រុក អាជីវករ ប្រជាពលរដ្ឋទាំងអស់បានចូលរួមទាំងអស់គ្នា។ ទន្ទឹមនោះក៏មានការចូលរួមតាំងពិពណ៌ម្ហូបខ្មែរ ក្នុងនោះគេកំណត់ឲ្យចូលរួមបោះឆ្នោតតាមប្រព័ន្ធ បានច្រើនជាងគេក៏ទទួលបានជ័យលាភីលេខ១នេះ តាមរយ:ការបោះឆ្នោតនេះឯង ដោយលេខ១ បានមកខេត្តបាត់ដំបង លេខ២ បានទៅខេត្តព្រះសីហនុ និងលេខ៣ បានទៅខេត្តសៀមរាបផងដែរ៕