(ភ្នំពេញ)៖ កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិសាស្ត្រភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង កំពុងពន្លឿនការសាងសង់ អាចនឹងបម្រើដល់ការដឹកជញ្ជូននាពេលដ៏ខ្លីខាងមុខនេះ។

ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលភ័ស្តុភារកម្មនេះក្នុងគោលបំណងជំរុញការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅក្រៅប្រទេស។ ការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភ័ស្តុភារកម្មនេះ ក៏បានផ្ដល់ការងារដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានមួយចំនួនធំផងដែរ។

នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារ ត្រួតពិនិត្យវាយតម្លៃការខូចខាត និងផលប៉ះពាល់នានា ជុំវិញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំងនេះ។

ដើម្បីចូលរួមក្នុងការធានាការដឹកជញ្ជូនពីគ្រប់ច្រកល្ហក ទៅកាន់មណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែ បានត្រឹមត្រូវតាមច្បាប់កំណត់ គម្រោងនេះក៏កំពុងត្រូវបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា STM (Smart Truck Monitoring System) សម្រាប់គ្រប់គ្រងការដឹកជញ្ជូនចេញចូល ដែលរួមមានការបំពាក់កាមេរ៉ាត្រួតពិនិត្យរថយន្ដដោយស្វ័យប្រវត្តិ និងស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូន។ ប្រព័ន្ធ STM នេះ នឹងជួយជំរុញការតាមដានគ្រប់គ្រងប្រតិបត្តិការ និងការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាពផងដែរ។

បន្ទាប់ពីទទួលស្តាប់របាយការណ៍របស់ក្រុមការងារបច្ចេកទេសរួចមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ជួយគាំទ្រ និងជំរុញគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភារកម្មកំពង់ឆ្នាំង ឱ្យស្របតាមបទដ្ឋានច្បាប់ និងជំរុញឱ្យគម្រោងនេះអាចដំណើរការបានឆាប់រហ័ស ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រពេញទំហឹងលើការបង្កើតកំពង់ផែនេះ ព្រោះនឹងធ្វើឱ្យការដឹកជញ្ជូននៅកម្ពុជា កាន់តែសម្បូរបែបស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមជម្រាបដែរថា ក្រុមហ៊ុន ខេអិលភីធីត្រេនស្ព័រថេសិន ជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល កសាងកំពង់ផែពហុបំណង មណ្ឌលភ័ស្តុភាកម្ម នៅលើដីទំហំ ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិសាស្ត្រភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង។ កំពង់ផែនេះនឹងកសាងរួចរាល់ ដាក់ប្រើប្រាស់ឲ្យធ្វើអាជីវកម្មដឹកជញ្ជូនផលិតផលនានាទៅកាន់ទីផ្សារ នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ជាចក្ខុវិស័យនៃផែនការកសាងកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្មនេះមាន៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១៖ រយៈពេល៣ខែ ត្រូវកសាងកំពង់ផែពហុបំណង និងមណ្ឌលភ័ស្តុភាកម្ម ដែលមានផ្ទៃដីទំហំ១០០ហិកតានេះឲ្យបានរួចរាល់ ដើម្បីដាក់ឲ្យប្រើប្រាស់ធ្វើអាជីវកម្មដឹកជញ្ជូន។ ដំណាក់កាលទី២៖ រយៈពេល១ឆ្នាំ ក្រុមហ៊ុននឹងកសាងមជ្ឈមណ្ឌលសន្និធិប្រេងឥន្ធនៈ ដើម្បីធ្វើអាជីវកម្ម។ ដំណាក់កាលទី៣៖ រយៈពេល២ឆ្នាំ ក្រុមហ៊ុននឹងកសាងកំពង់ផែទេសចរណ៍ឲ្យបានរួចរាល់៕