(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ​បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ិចទ័រ អូ សមាជិកព្រឹទ្ធសភាកាណាដា ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា​។

នៅក្នុងជំនួបនេះ លោកស្រី ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ លោក វ៉ិចទ័រ អូ មកកាន់កម្ពុជា។​ លោកស្រីក៏បានលើកឡើងអំពីស្ថានភាពនយោបាយ និងស្ថានភាពសេដ្ឋកិច្ចរបស់រកម្ពុជា ជូនដល់គណៈប្រតិភូ និងបានលើកឡើងអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសតាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាកាណាដាផងដែរ។

ជាការឆ្លើយតប លោក វ៉ិចទ័រ អូ ក៏បានកោតសរសើរដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការទប់ស្កាត់នូវការឆ្លងរីករាលកូវីដ១៩ រហូតក្លាយជាប្រទេសដែលឈានមុខគេ ក្នុងការងើបចេញពីវិប្បត្តិកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ។

សមាជិកព្រឹទ្ធសភាកាណាដា បានបន្តទៀតថា ទំនាក់ទំនងទ្វេភាគីកាណាដា-កម្ពុជា បានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំ រវាងរដ្ឋាភិបាល, ប្រជាជន និងប្រទេសទាំងពីរ ដែលមានតាំងពីយូលង់មកហើយផងដែរ។

ចំណែក លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណផងដែរដល់ លោក វ៉ិចទ័រ អូ ចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា និងជូនពរដល់ប្រតិភូស្នាក់នៅប្រកបដោយផាសុខភាព និងត្រលប់ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាព៕