(ភ្នំពេញ)៖ ទីបំផុតជើងឯកពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៦ លើកទី១០ បានធ្លាក់ទៅលើកណ្ដាប់ដៃក្រុមក្រសួងការពារជាតិហើយ បន្ទាប់ពីយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាល់ទី ៦-៥ កាត់សេចក្តី ក្រោយប្រកួតពេញម៉ោង និងថែម១៥នាទី២ដងស្មើលទ្ធផល ១-១។
ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិនារាត្រីថ្ងៃសៅរ៍ ទី០២ កក្កដា ពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ១០០០០នាក់ ដោយតម្លៃសំបុត្រក្រោមដំបូល ៤០០០រៀល និងក្រៅដំបូល ២០០០រៀលដែលទើបបញ្ចប់មុននេះបន្ដិច ខណៈចំណាត់ថ្នាក់លេខ៣ បានទៅក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះក្រុមស៊ីម៉ាក់ ដោយលទ្ធផល ១-០ នៅរសៀលម៉ោង ៣៖៣០នាទីថ្ងៃនេះ នៅពហុកីឡដ្ឋានជាតិដូចគ្នា។
ការប្រកួតប្រកបដោយភាពតានតឹងបំផុត បន្ទាប់ពីក្រុមទាំងពីរព្យាយាមដាក់សម្ពាធទៅវិញទៅមក រហូតដល់នាទី៧៩ ទើបកីឡាករ រ៉ឹង ប៊ុនហៀង បំបែកពងមាន់ជួយទ័ព នាំមុខ១គ្រាប់មុន តែអកុសលត្រូវបានកីឡាករខ្សែប្រយុទ្ធដូចគ្នាសារ៉េត គ្រីយ៉ា ជួយស្វាយរៀងតាមបានស្មើ ១-១ វិញនៅនាទី៨៩ ដែលធ្វើអោយនាទីបន្ថែម១៥ ចំនួន២ដងកើតមានឡើងនៅតែស្មើគ្នាដដែលនោះ។
ការទាត់បាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តីក្នុងមួយក្រុម៥គ្រាប់គឺបានធ្វើឡើងរហូតដល់៤វគ្គ ដោយលទ្ធផល ៦-៥ ដោយក្រុមការពារតំណែងជើងឯកស្វាយរៀង ធ្វើសម្រេចបាន៥គ្រាប់ ក្នុងនាមជាក្រុមទាត់មុន និងក្រសួងការពារជាតិ ទាត់ចូល៦គ្រាប់.
សម្រាប់ក្រុមជើងឯក ក្រសួងការពារជាតិ ទទួលបានមេដាយមាស និងពានធំ ១គ្រឿង អមដោយប្រាក់រង្វាន់ ៨០លានរៀល។ ចំណែកក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៤០លានរៀល រីឯក្រុមលេខ៣ ភ្នំពេញក្រោន ទទួលបានមេដាយសំរឹទ្ធ និងប្រាក់រង្វាន់ ២០លានរៀល ដែលត្រូវបានបំពាក់ដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផងដែរ។
ដោយឡែកក្រុមលេងល្អក្នុងព្រឹត្តិការណ៍ដែលមានជារៀងរាល់ឆ្នាំ (Fair-Play) បានទៅក្រុមភ្នំពេញក្រោន បានប្រាក់រង្វាន់ ៥លានរៀល ខណៈអ្នកចាំទីល្អ បានទៅកីឡាករអ៊ុ សេរីរ័ត្ន មកពីក្លឹបក្រសួងការជាតិ ទទួលបានប្រាក់រង្វាន់ ១លានរៀល និងអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេ គឺម្ចាស់ស្បែកជើងមាសរដូវកាលនេះ បានទៅកីឡាករ សួង វិរៈ មកពីក្លឹប Cambodian Tiger ដែលបំប៉ោងសំណាញ់ទីបាន ២៥គ្រាប់ ពីការបង្ហាញខ្លួនបាន ៦ប្រកួត៕