(ភ្នំពេញ)៖ កម្ពុជានឹងអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់យ៉ាងតឹងរ៉ឹងបំផុត ដោយហាមដាច់ខាតមិនឱ្យមានការប្រើប្រាស់ ឧបត្ថម្ភ ចែកចាយ ផ្សព្វផ្សាយផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ (32nd SEA Game ) និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ( 12th ASEAN Para Game )ឡើយ។

នេះជាការបញ្ជាក់របស់ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការពិធីបើក និងបិទនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«កីឡាគ្មានថ្នាំជក់» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងទេសចរណ៍។

សន្និសីទនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត យ៉ិល ដារាវុធ តំណាងអង្គការសុខភាពពិភពផងដែរ។

លោក ហោ សារុន បានឱ្យដឹងទៀតថា កន្លងមកក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវគោលការណ៍ជាច្រើន ក្នុងហាមឃាត់ការប្រើប្រាស់ ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា ដោយមិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប)ឡើយ។

លោកបានបន្ថែមទៀតថា ក្រសួងទេសចរណ៍ ក៏បានរៀបចំការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការត្រៀមបដា និងមានក្រុមយុវជនស្ម័គ្រចិត្តជួយអប់រំផ្សព្វផ្សាយពីបញ្ហានេះ ទាំងមុន និងក្នុងព្រឹត្តិការកីឡានេះចាប់ផ្តើម ហើយបើក្រុមហ៊ុន ឬបុគ្គលណាមិនអនុវត្តបំរាមនេះ ក្រុមការងារនឹងធ្វើការអប់រំ និងអនុវត្តវិធានរដ្ឋបាលយ៉ាងតឹងរឹង។ លោកអះអាងដែរថា បើសិនជាកម្ពុជាអនុវត្តផែនការនេះបាន គឺពិតជាល្អប្រសើរ ព្រមទាំងបានលើកមុខមាត់ប្រទេសជាតិក្នុងឆាកអន្តរជាតិ ព្រោះនេះជាព្រឹត្តិការណ៍សំខាន់។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងដែរថា បើកីឡាគ្មានថ្នាំជក់ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្ដង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យផងដែរ។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងទៅនេះគ ណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក៏បានចេញសេចក្ដីណែនាំស្តីពីការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់»នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមានសេចក្តីណែនាំដូចជា៖

១៖ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី (HTPs) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា។

២៖ ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី (HTPs) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា។

៣៖ មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក និងផលិតផល អចណ៍ ធី ភី(HTPs) ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ សម្រាប់ការប្រកួតក៏ដូចជាការផ្សព្វផ្សាយព័ត៌មាន។

៤៖ បញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកនៅក្នុងសម្ភារៈផ្សព្វផ្សាយនានាអំពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

៥៖ ត្រូវផ្សព្វផ្សាយអំពី «កីឡាគ្មានថ្នាំជក់»ឱ្យបានទូលំទូលាយដល់ប្រតិភូកីឡា អ្នកពាក់ព័ន្ធក្នុងការរៀបចំ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទៅ តាមរយៈការបណ្តុះបណ្តាល ការជូនដំណឹង និងតាមបណ្ដាញព័ត៌មានសង្គមជាដើម៕