(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងគោលបំណងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ រវាងក្រសួងមុខងារសាធារណៈកម្ពុជាជាមួយក្រសួងកំណែទម្រង់សាធារណៈ និងមុខងារសាធារណៈបារាំង នៅទីស្តីការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ជាកិច្ចចាប់ផ្តើមនៃការពិភាក្សា លោក អេរិក ម៉ូសសេត (Eric Mousset) តំណាងក្រុមហ៊ុនខនភ្លូអិនស៍ (Confluences) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានជម្រាបជូនកិច្ចប្រជុំពីសាវតានៃទីភ្នាក់ងារ និងបេសកកម្ម ព្រមទាំងផែនការយុទ្ធសាស្រ្តសម្រាប់ការគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។

បន្ទាប់មក លោករដ្ឋមន្រ្តី ព្រុំ សុខា បានសម្តែងនូវក្តីរីករាយស្វាគម៍ចំពោះទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ជាពិសេសបេសកកម្មរបស់ AFD ក្នុងការធ្វើឱ្យប្រសើរនូវបរិវត្តកម្ម ឌីធីថល ដែលក្រសួងមុខងារសាធាណៈ បាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនោះ លោករដ្ឋមន្រ្តី បានជម្រាបជូនប្រតិភូ AFD ពីប្រព័ន្ធឌីជីថលដែលក្រសួងកំពុងអភិវឌ្ឍ ដើម្បីឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល (២០២២-២០៣៥) មានជាអាទិ៍៖ ប្រព័ន្ធគ្រប់គ្រងស្ថិតិមន្រ្តីរាជការស៊ីវិល ការរៀបចំប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សមន្រ្តីរាជការ និងការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត) ជាដើម។

លោករដ្ឋមន្ត្រី ព្រុំ សុខា ក៏បានជម្រាបជូនលទ្ធផលប្រកបដោយផ្លែផ្កាពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រតិភូក្រសួងមុខងារសាធារណៈកម្ពុជានៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ ជាពិសេសជំនួបរវាងលោករដ្ឋមន្រ្តី ព្រុំ សុខា ជាមួយលោក ស្តានីសឡាស ហ្គេរីនី (Stanislas Guerini) រដ្ឋមន្ត្រីក្រសួងកំណែទម្រង់សាធារណៈ និងមុខងារសាធារណៈបារាំង ដែលបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សតាមរយៈសាលាភូមិន្ទរដ្ឋបាល និងវិទ្យាសា្ថនជាតិសេវាសាធារណៈបារាំង (Institut national du service publique) ព្រមទាំងកិច្ចសហការលើវិស័យអាទិភាពដទៃទៀត។

ចុងបញ្ចប់នៃជំនួប ភាគីក្រសួងមុខងារសាធារណៈ និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ បានឯកភាពរួមគ្នាបន្តទំនាក់ទំនងការងារដើម្បីបើកផ្លូវសម្រាប់រៀបចំទំព័រថ្មីនៃកិច្ចសហការរវាងកម្ពុជានិងបារាំងលើវិស័យកែទម្រង់សាធារណៈនិងមុខងារសាធារណៈ៕