(បន្ទាយមានជ័យ)៖ អាជ្ញាធរមីន សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា រួមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំយុទ្ធនាការឥណ្ឌាដើម្បីមនុស្សជាតិ (India for Humanity) សម្រាប់បង្កើតជំរុំផលិត និងផ្តល់ដៃ-ជើងសិប្បនិម្មិត ជូនដល់ជនរងគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម និងជនមានពិការភាពដទៃទៀត សរុបចំនួន ៦០០នាក់ ចាប់ពីថ្ងៃទី០១ ដល់៣១ ខែមីនា ឆ្នាំ២០២៣ តាមរយ: Bhagwan Mahaveer Viklang Sahayta Samiti (BMVSS)។

យុទ្ធនាការ បានធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួបទី៧០ឆ្នាំ នៃចំណងទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា។

ក្នុងកម្មវិធីបើកយុទ្ធនាការនេះ បានរៀបចំឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការកង់វ៉ា ក្រោមវត្តមានលោក ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន តំណាង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន លោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រតិបត្តិករជាតិ-អន្តរជាតិ បងប្អូនជនមានពិការភាព ប្រជាពលរដ្ឋមូលដ្ឋាន សិស្សានុសិស្ស និងអ្នកបច្ចេកទេសឥណ្ឌាសរុបចំនួន២៥០នាក់។

លោក ព្រំ សុភមង្គល បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានចូលរួមយកចិត្តទុកដល់ជនមានពិការភាពនៅកម្ពុជា ក៏ដូចជាជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈអង្គការ BMVSS ដែលនេះគឺជាការឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការលើកកម្ពស់សុខមាលភាព និងសម្រួលការរស់នៅប្រចាំថ្ងៃរបស់ជនមានពិការភាព។

លោក ព្រំ សុភមង្គល បានជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមសម្រាប់ពេលអនាគតពីស្ថានទូតឥណ្ឌា ក្នុងការចូលរួមជួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។

លោកស្រីបណ្ឌិត Devyani Khobragade បានលើកឡើងថា ប្រទេសឥណ្ឌាកំពុងធ្វើការជាមួយកម្ពុជា ដើម្បីសម្រេចឲ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្នុងនោះប្រទេសឥណ្ឌា បានសហការជាមួយអាជ្ញាធរមីន ចូលរួមធ្វើការបោសសម្អាតមីននៅភូមិចំនួន ០៤ ក្នុងខេត្តកោះកុង ក្រោមគម្រោងផលប៉ះពាល់រហ័សក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ ដែលមានអ្នកទទួលផលជាង ៧ពាន់នាក់ ព្រមទាំងបន្តជួយបោសសម្អាតមីនក្នុងស្រុកចំនួន ០៣ និងឃុំ ០១ ក្នុងខេត្តកោះកុងបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣។

លោកស្រីបន្តទៀតថា ក្រៅពីការចូលរួមដល់ការងារបោសសម្អាតមីន ថ្ងៃនេះ ស្ថានទូតឥណ្ឌា ក៏បានផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរមីន ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការរស់នៅប្រចាំថ្ងៃរបស់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការផ្តល់ដៃ-ជើងសិប្បនិម្មិត នៅខេត្តបន្ទាយមានជ័យ៕