(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។

ពិធីចុះអនុស្សរណៈនាឱកាសនេះ ធ្វើឡើងដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរទៅមក រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ តាមរយៈផ្លូវល្បឿនលឿន ក៏ដូចជាតម្រង់ទិសកិច្ចសហប្រតិបត្តិការ ដែលឆ្លុះបញ្ចាំងពីការរួបរួមគ្នា រវាងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងគោលដៅតែមួយក្រោមការចង្អុលបង្ហាញ និងសម្របសម្រួលដោយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

លើកឡើងនាឱកាសនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ CAMBA និង CPEC ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ននេះ និងបានអះអាងថា អនុស្សរណៈនៃការយោគយល់គ្នានេះ និងជួយក្នុងការបង្កើនចំនួនចរាចរណ៍លើផ្លូវល្បឿនលឿន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈចំណូលពន្ធ និងមួយផ្នែកទៀតគឺជំរុញការប្រើប្រាស់រថយន្តក្រុងដើរដោយថាមពលអគ្គិសនី សំដៅចូលរួមការការពារបរិស្ថាន និងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការ នៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី ក៏បានសុំស្នើឱ្យសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ពិចារណាទិញរថយន្តក្រុង ដើរដោយថាមពលអគ្គិសនី ដើម្បីដឹកអ្នកដំណើរកាត់បន្ថយការបំពុលបរិស្ថាន និងបានអះអាងថា បើសិនមានរថយន្តក្រុងដើរដោយថាមពលអគ្គិសនីនេះ លោកនឹងធ្វើការមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ឱ្យបានបញ្ចុះតម្លៃថែមទៀតផងដែរ។

សូមបញ្ជាក់ដែរថា ជាលទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤) ការពិភាក្សាលើការស្នើសុំតម្លៃពិសេស សម្រាប់យានយន្តអគ្គិសនី ដែលនឹងចរចានៅពេលក្រោយ។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំង២ បានឯកភាពគ្នាលើតម្លៃសេវាលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រាប់រថយន្តដឹកអ្នកដំណើរប្រភេទ B+C ពី៣០ ដល់១០០ជើង ក្នុង១ថ្ងៃនឹងបញ្ចុះតម្លៃ ២៥ភាគរយ និងចាប់ពី១០១ជើងឡើងទៅក្នុង១ថ្ងៃ បញ្ចុះតម្លៃ៣០ភាគរយ ហើយក្នុងករណីខូចតាមផ្លូវ និងមានការបញ្ចុះតម្លៃដូចគ្នាផងដែរ៕