(ភ្នំពេញ)៖ លោក វ៉ែន រស្មី ជាអគ្គលេខាធិការនៃក្រុមយុវជនសង្គមស៉ីវិល និងជាអតីតអនុប្រធានក្រុមការងារយុវជន១០០រាត្រី បច្ចុប្បន្នជាប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនមានលុយទិញក្រុមយុវជនសង្គមស៉ីវិលឱ្យគាំទ្រនយោបាយខ្លួន ដូចបណ្តាបរទេសមួយចំនួននោះឡើយ។

លោកអះអាងថា នាពេលកន្លងទៅបរទេស ប្រើប្រាស់លុយ ដើម្បីលុកលាន់កិច្ចផ្ទៃក្នុងរបស់កម្ពុជា តាមរយៈការគាំទ្រសកម្មយុវជននានារបស់ ក្នុងការប្រឆាំងការដឹកនាំរបស់រាជរដ្ឋាភិបាល។

ការចេញមុខឆ្លើយតបរបស់អតីតអនុប្រធានក្រុមការងារយុវជន១០០រាត្រីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៉ីសេរី និង The Cambodia Daily រួមទាំងលោក អេឡិច ដែលចុះផ្សាយវាយប្រហារ និងលាបពណ៌លើក្រុមរបស់ពួកគេ ដើម្បីបំបាក់ស្មារតីយុវជនអង្គការសង្គមស៉ីវិលផ្សេងទៀត ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល។

តាមរយៈវីដេអូឃ្លីប លោក វ៉ែន រស្មី បានចោទជាសំណួរយ៉ាងដូច្នេះថា៖ «ការផ្សព្វផ្សាយព័ត៌មានញុះញង់ឱ្យមានការបែកបាក់យុវជន ខ្ញុំគិតថាវាមកសំខាន់លើការចុះផ្សាយនោះទេ វាសំខាន់ថាសួរថាយើងជាយុវជនខ្មែរ ព្រមឱ្យសារព័ត៌មានបរទេស មកបំបែកបំបាក់យើងបានដែរ ឬទេ ព្រោះយើងដឹងហើយថាកន្លងមកយើងដើរតាមគន្លង ការផ្សាយព័ត៌មានតាមបែបញុះញង់ ឱ្យមានកំហឹងនេះហើយបានធ្វើឱ្យសង្គមកម្ពុជា មានការបែកបាក់ប្រេះឆាកន្លងមក រៀងរាល់មុនការបោះឆ្នោត និងក្រោយការបោះឆ្នោតតែងតែមានការប្រឌិតរឿង ដែលធ្វើឱ្យកម្ពុជាយើងរងគ្រោះដដែលៗ»

សម្រាប់ការចុះផ្សាយថារាជរដ្ឋាភិបាលប្រើប្រាស់ទឹកលុយ ទិញយុវជនដើម្បីលក់ឧត្តមគតិ, លោក វ៉ែន រស្មី បានបញ្ជាក់ថា «បើនិយាយរឿងលុយរាជរដ្ឋាភិបាលកម្ពុជា ពិតណាស់មិនមានលុយច្រើន ដល់បណ្តាបរទេសដែលលុកដៃក្នុងរឿងនយោបាយរបស់កម្ពុជានោះទេ ខ្ញុំគិតថាគួរតែពិចារណាខ្លួនឯងថា រដ្ឋាភិបាលមានលុយឯណាទៅទិញយុវជនមកឱ្យចូលរួមការងារកន្លងមក មានតែបរទេសទេ ដែលប្រើប្រាស់តាមរូបភាពមួយចំនួនតាមរយៈសង្គមស៉ីវិល ដោយផ្តល់ប្រាក់ខែសម្រាប់ធ្វើការងារ និងបំផុសបំផុលសកម្មភាពនានារបស់យុវជនសម្តែងការមិនពេញចិត្តការដឹកនាំរបស់រាជរដ្ឋាភិបាល»

ទាក់ទងនឹងការអុជអាល់ថា យុវជនសង្គមស៉ីវិលដែលមករួមរស់ជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើការងារសង្គមនឹងត្រូវរដ្ឋាភិបាលឈប់ប្រើប្រាស់, ត្រូវបានអតីតអនុប្រធានក្រុមការងារយុវជន១០០រាត្រីរូបនេះ សង្កត់ធ្ងន់ៗទៅវិញថា មានតែអ្នកនយោបាយប្តូរបាយ និងមានតែអ្នកនយោបាយអាត្មានិយមទេ ដែលមានគំនិតអាត្មានិយមដូចខ្លួន៕