(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ បានស្នើឱ្យបញ្ឈប់ការទាមទារ ជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសមានវប្បធម៌ស្រដៀងគ្នា ជាមួយគ្នានេះសម្តេចក៏បានបង្ហាញនូវគំនិតផ្តួចផ្តើម ចង់ឱ្យមានការជជែកគ្នា រវាងប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ដើម្បីបញ្ចប់វិវាទ និងការទាមទារម្ចាស់កម្មសិទ្ធិ នៃសម្បត្តិមរតកវប្បធម៌ទាំងនោះ។

សម្តេចតេជោក៏បានលើកឡើងពីករណីពាក់ព័ន្ធបញ្ហា «គុនខ្មែរ និងមួយថៃ» ដែលកម្ពុជា និងថៃ បានជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ដោយសម្តេចបញ្ជាក់ថា ប្រដាល់នេះ កម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា សុទ្ធតែមានដូចគ្នា ដូច្នេះអាចគួរមានការពិភាក្សាគ្នា ដើម្បីរកចំណុចរួមមួយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវគំនិតផ្តួចផ្តើម ដោយចង់ឱ្យប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ស្នើដាក់សម្បត្តិវប្បធម៌ស្រដៀងគ្នា ជាសម្បត្តិបេតិកភណ្ឌពិភពលោករួមគ្នា ដោយរំពឹងថាគំនិតផ្តួចផ្តើមនេះ មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងកម្ពុជា អាចពិចារណា។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ​ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ជិត៤ពាន់​នាក់​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំចង់លើកជាយោបល់ ពាក់ព័ន្ធនឹងបញ្ហាការដណ្តើមគ្នា ធ្វើជាកម្មសិទ្ធិ ដែលជារឿងមិនគួរចិញ្ចឹមទំនាស់ ដែលអូសបន្លាយមិនចេះចប់មិនចេះហើយ ទៅលើបញ្ហាខ្លះ ដូចជាសព្វថ្ងៃនេះ មានរឿងរ៉ាវកើតឡើងក្នុងបញ្ហាប្រដាល់ ដែលខ្មែរហៅថា គុនខ្មែរ ថៃហៅថា មួយថៃ (Muay Thai) ឡាវក៏មានផ្សេង មីយ៉ាន់ម៉ាក៏មានផ្សេង។ យើងច្បាស់ជាដឹងថា នៅតាមប្រាង្គប្រាសាទរបស់យើងយ៉ាងពិតប្រាកដ ក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្យាជាមួយបណ្តាប្រទេស ដែលជាប់ពាក់ព័ន្ធ ដូចជាកន្លងទៅខ្ញុំក៏មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ ពិតមែនតែយើងមិនទាន់មានការសន្ទនាជាមួយមីយ៉ាន់ម៉ា តើយើងអាចពិភាក្សាគ្នា និងសម្របសម្រួលគ្នាបានទេ? [...] បើយើងរកការសម្របសម្រួលបាន យើងមិនចាំបាច់ទាស់គ្នា ដណ្តើមគ្នាធ្វើជាម្ចាស់នោះទេ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញនូវគំនិតផ្តួចផ្តើម ឲ្យមានការសម្របសម្រួលគ្នា និងឈានដល់ការចុះ នូវសម្បត្តិវប្បធម៌ស្រដៀងគ្នារួមគ្នា ជាមួយប្រទេសក្នុងតំបន់ អាចនឹងមានអ្នករិះគន់សម្តេច ថាឱនក្បាលសម្បទានឲ្យគេ ប៉ុន្តែអ្នកដែលរិះគន់នោះ ប្រហែលជារកដំណោះស្រាយមិនចេញនោះទេ ព្រោះប្រជាជាតិជិតខាងកម្ពុជា មិនសុខចិត្តនោះទេ។ នៅពេលដែលនាំគ្នាដណ្តើមសិទ្ធិគ្រប់គ្រងផ្តាច់មុខរៀងៗគ្នាបែបនេះ គឺច្បាស់ណាស់មិនព្រមនោះទេ ដូច្នេះទំនាស់នៅតែកើតមានជារៀងរហូតគ្មានថ្ងៃបញ្ចប់ទេ៕