(ភ្នំពេញ)៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១នៅប្រទេសសិង្ហបុរី KEN-PAL (S) PTE LTD បានស្នើសុំកិច្ចសហការពីកម្ពុជាក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅទីនោះ។

តាមរយៈជំនួបនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL (S) PTE LTD បានស្នើទៅកាន់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីគាំទ្រក្នុងការបញ្ជូនពលករផ្នែកសំណង់ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។

លោក អ៉ិត សំហេង បានគាំទ្រចំពោះការស្នើសុំរបស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលជាឱកាសមួយបន្ថែមទៀតសម្រាប់ពលករកម្ពុជាក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញមកជួយដល់សង្គមជាតិវិញ។

លោករដ្ឋមន្ត្រីបានបន្តថា នៅកម្ពុជា វិស័យសំណង់នេះរីកដុះដាលខ្លាំង ពិសេសការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ លោកបញ្ជាក់ទៀតថា ក្រសួងការងារផ្ទាល់ក៏មានការបណ្តុះបណ្តាលជំនាញផ្នែក​សំណង់នេះដល់ប្រជាពលរដ្ឋ យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធីលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរសិន។

នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Greory Lin បានលើកឡើងថា ក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះបង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្មសំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើមផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។

លោក Lin បន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយសាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ និងវិទ្យាស្ថានជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សាដែលទាក់ទងនឹងសំណង់ស៊ីវិល។

គួរជម្រាបថា នាពេលកន្លងមក កម្ពុជាបានបញ្ជូនពលករទៅធ្វើការជាស្រ្តីជំនួយការផ្ទះនៅសិង្ហបុរីប្រមាណជាង១ពាន់នាក់រួចមកហើយ ខណៈលោករដ្ឋមន្ត្រី អ៉ិត សំហេង សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការនៅសិង្ហបុរីមានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕