(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានថ្លែងណែនាំឲ្យយកចិត្តទុកដាក់ លើការសាងសង់រូបបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឲ្យត្រូវទៅតាមរចនាបទ។
សម្តេចតេជោ ហ៊ុន សែន ថ្លែអបែបនេះពេលអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យ គ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទិនជាមួយនឹងរូបបដិមាអីជាដើម ឬក៏រូបសំណាក ពេលអភិសេកហើយ អត់មាននរណាទៅប៉ះពាល់បានទេ អញ្ចឹងរូបនេះរក្សាបាន ១០០ទៅ២០០ឆ្នាំ លើកលែងតែអាពតទេ ដែលវាវាយចោលនោះ ក្រៅពីនោះអត់មានរណាហ៊ានទៅវាយទេ។ អញ្ចឹងស្នើឲ្យក្រសួងយកចិត្តទុកដាក់ទៅលើបញ្ហានេះ»។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានសម្រេចរួចហើយ ក្នុងចំណោមសិស្ស ១លាន៥សែននាក់ ដែលត្រូវទទួលនូវការបណ្តុះបណ្តាល គឺទុក២ទៅ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបណ្តុះបណ្តាលនូវមរតកដូនតា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចភ័យបំផុតការបាត់បង់នូវមរតកវប្បធម៌របស់ខ្មែរ ព្រោះតែការចម្រើនលូតលាស់នៃបច្ចេកវិទ្យាទំនើប។
សម្តេចបានលើកឡើងថា ព្រះពុទ្ធបដិមា នៅវត្តវាំងចាស់ ត្រូវបានបដិមាករសាងសង់មិនត្រូវតាមរចនាបទនោះទេ៕