(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យយកចិត្តទុកដាក់ ជាពិសេសទៅលើការសរសេរអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងជាច្រើននាពេលកន្លងមក។
ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំដល់រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «ខ្ញុំគួរតែបញ្ជាក់បន្តិចថា ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបញ្ហាអក្សរសាស្ត្រខ្មែរម្តង ដែលមកដល់ពេលនេះការប្រើប្រាស់ភាសាខ្លះ ខ្ញុំឃើញការសរសេរពាក្យថា (ដែរ) ដូចជាខ្ញុំទៅដែរ ប៉ុន្តែ បែរជាសរសេរជា (ដ ដាក់ស្រះ ែ និង ល) ទៅវិញ នេះគឺជាចំណុចតូចមួយនៃក្នុងចំណោមចំណុចនៃអក្សរសាស្ត្រខ្មែរដែលកំពុងតែវិវត្តន៍»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ននេះ ការប្រើប្រាស់បណ្តាញសង្គមកាន់តែច្រើន ហើយការសរសេរក៏មានការខុស ប៉ុន្តែ វាក៏ជាការល្អដោយសារតែនៅក្នុងទូរស័ព្ទនីមួយៗ តែងមានវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត តែទោះជាយ៉ាងណាត្រូវបន្តការខិតខំដើម្បីធ្វើយ៉ាងណា ពង្រឹងសមត្ថភាពអក្សរសាស្ត្រខ្មែរ សម្រាប់ប្រជាពលរដ្ឋរបស់យើង៕