(អេស្ប៉ាញ)៖ បន្ទាប់ពីការប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួនរួចមក ប្រតិបត្តិករទូរគមនាគមន៍ខ្មែរតែមួយគត់ នៅលើទីផ្សារ គឺក្រុមហ៊ុនសែលកាត (Cellcard) ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយឈ្នះពានរង្វាន់អន្តរជាតិចំនួន២ ក្នុងព្រឹត្តិការណ៍ដែលរៀបចំឡើង នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។
សម្រាប់ពានរង្វាន់ទី១ របស់ក្រុមហ៊ុនសែលកាត គឺជាពានរង្វាន់ Global Rising Star Awards 2023 ដែលទទួលបានពីក្រុមហ៊ុនវិភាគឯករាជ្យ ដ៏ល្បីល្បាញនៅលើពិភពលោក គឺ Opensignal។
ពានរង្វាន់ Global Rising Star Awards 2023 គឺជាពានរង្វាន់ដែលធ្វើការជ្រើសរើសអ្នកឈ្នះ ដោយវាយតម្លៃទៅលើប្រតិបត្តិករកំពូលទាំង៣០ ជុំវិញពិភពលោក ដែលអ្នកប្រើប្រាស់បានឃើញនូវភាគរយ នៃការកែលម្អច្រើនបំផុត លើបទពិសោធបណ្ដាញសេវាទូរស័ព្ទចល័ត ក្នុងឆ្នាំចុងក្រោយនេះ ក៏ដូចជាចូលរួមអបអរសាទរដល់ប្រតិបត្តិករ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងការកែលម្អបទពិសោធន៍ សម្រាប់អ្នកប្រើប្រាស់ក្នុងរយៈពេលដ៏ខ្លី។
ជាមួយគ្នានេះ បន្ទាប់ពីការឈ្នះពានរង្វាន់ Ookla® Speedtest Award™ ជាប់ៗគ្នាពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ មក សែលកាតបានលេចមុខជាថ្មី និងគ្រងពានរង្វាន់ម្ដងទៀតហើយ នៅក្នុងរបាយការណ៍ពានរង្វាន់ Ookla Speedtest សម្រាប់កម្ពុជាឆ្នាំ ២០២៣ ជាបណ្តាញទូរស័ព្ទចល័តលឿនបំផុតរបស់កម្ពុជា។
ពានរង្វាន់ Ookla Speedtest Award ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនសែលកាត នៅក្នុងកម្មវិធី Mobile World Congress (MWC) នៅក្នុងទីក្រុងបាសេឡូណា ដែលជាការតាំងពិព័រណ៍អំពីការតភ្ជាប់ ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
នាំមកជូនដោយ Ookla និងត្រូវបានទទួលដោយអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង និងនាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins ពានរង្វាន់ Speedtest Award Win គឺជាសក្ខីភាពបញ្ជាក់ពីប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម របស់សែលកាតក្នុងការពង្រឹងប្រសិទ្ធភាព បណ្តាញឱ្យកាន់តែប្រសើរឡើង៕