(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកសិល្បៈរួមគ្នាតែងនិពន្ធចម្រៀង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរសាទរ និងញ៉ាំងបរិយាកាស ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខឆាប់ៗនេះ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ​ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ជិត៤ពាន់​នាក់​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ, សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលរង់ចាំជាង៦០ឆ្នាំមកហើយ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសិល្បករ សិល្បការិនីទាំងអស់ ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេងវីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាស នៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឲ្យកាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចង់ចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា បើគិតត្រឹមថ្ងៃនេះ គឺនៅសល់ពេល៦៤ថ្ងៃទៀត ដែលយើងទាំងអស់គ្នាត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រ៦៤ឆ្នាំចុងក្រោយរបស់កម្ពុជា។

គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕