(ភ្នំពេញ)៖ ប្រធានក្រុមការងារ ១០០រាត្រី និងជាអ្នកសម្របសម្រួលអង្គការ ១៨ស្ថាប័ន លោក មួង សូនី នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានអំពាវនាវប្រជាពលរដ្ឋកុំឲ្យចាញ់បោកវិទ្យុអាស៉ីសេរី (RFA) និងលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ស្ថាបនិកចលនាមាតាធម្មជាតិ។
ប្រធានក្រុមការងារ ១០០រាត្រី បានសង្កេតឃើញថា មួយរយៈចុងក្រោយនេះបន្ទាប់ពីមានចរន្តយុវជន អង្គការ សមាគមជាច្រើន ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល បានងាកមកធ្វើការជាមួយរដ្ឋាភិបាលវិញ ត្រូវបានវិទ្យុអាស៉ីសេរី វាយប្រហារម្តងហើយម្តងទៀត ក្រោមរូបភាពយកអ្នកវិភាគនយោបាយមកបាំងមុខ។
លោកបានសំណូមពរយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិមេត្តាកុំចាញ់កល ការឃោសនា របស់វិទ្យុអាស៉ីសេរី ក៏ដូចជាលោក អាឡិច។ ដូចបងប្អូនជ្រាបស្រាប់ហើយថា វិទ្យុអាស៉ីសេរី គឺជាវិទ្យុមួយ ដែលទទួលបានជំនួយពីបរទេស គឺសហរដ្ឋអាមេរិក ហើយលោក អាឡិច ក៏ជាបុគ្គលដែលទទួលបានជំនួយពីក្រៅប្រទេស ក៏ដូចជាស្ថាប័នអន្តរជាតិផ្សេងៗ ហើយទិសដៅរបស់គាត់យកកម្ពុជា ធ្វើជារឿងនយោបាយ ដើម្បីរកជំនួយផ្សេងៗ។ ខ្ញុំក៏បានដឹងដែរថា យុវជនមួយចំនួនដែលបានចូលរួមជាមួយចលនាមាតាធម្មជាតិ កាលពីមុន គឺខ្លះជាន់ពន្ធនាគារ ខ្លះអស់ទ្រព្យសម្បត្តិ ដោយសារចាញ់កលវិទ្យុអាស៉ីសេរី និងលោក អាឡិច។ ក្នុងនាមយើងជាជនជាតិខ្មែរ មានឈាមជ័រជាខ្មែរ ឈប់ចាញ់កលបរទេស ហើយត្រូវរួបរួមគ្នា»។
ប្រធានក្រុមការងារ ១០០រាត្រី បានសង្កេតឃើញនូវពាក្យវាយប្រហារមកលើយុវជនសង្គមស៉ិវិលយ៉ាងអយុត្តិធម៌ ដូចជា «ការទិញលក់ដូរ ការយកយុវជនជល់នឹងយុវជន ការធ្វើរឿងពិតទៅប្រឌិត ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីវាយប្រហារស្ថាប័នចាស់ ការប្រើយុវជនក្នុងរយៈពេលខ្លីជាដើម។ល។» ការប្រើពាក្យញុះញង់ ចោទប្រកាន់ដោយគ្មានទឡ្ហីករណ៍ទាំងនេះ គឺធ្វើក្នុងគោលបំណងមិនល្អ ដើម្បីឃោសនាមិនឲ្យយុវជន អង្គការ សមាគមដទៃផ្សេងទៀត ខ្លាចញញើតក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាល និងការចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋភ្ញាក់រលឹកឡើង ហើយបន្ថែមថា យើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនាប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ធ្វើឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ លោកសំណូមពរ ប្រជាជនខ្មែរ អង្គការ យុវជនសង្គមស៉ីវិល មេត្តាចូលរួមជាមួយ យុវជនសង្គមស៉ីវិល និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុ បរិស្ថាន សន្តិភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕