(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានណែនាំឲ្យរួមគ្នា ជួយបំពាក់ឧបករណ៍ភ្លេងពិណពាទ្យ នៅតាមទីអារាម ក៏ដូចជាជួយឲ្យមានការ បណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីប្រើភ្លេងពិណពាទ្យ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ សម័យគ្រប់ទម្រង់សរុបប្រមាណជា៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណា ខ្ញុំអំពាវនាវ ចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ដ ក៏ដូចជាគណៈកម្មាធិការអាចារ្យវត្ដ បង្កើនការយកចិត្ដទុកដាក់ ទាក់ទាញការចូលជួយឧបត្ថម្ភ ពីសប្បុរសជនពុទ្ធបរិស័ទ ចំណុះជើងវត្ដ ឬក៏អ្នកមានធនធាន ដើម្បីឲ្យទីអារាមទាំងនោះ មានភ្លេងពិណពាទ្យ»។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ភ្លេងពិណពាទ្យភាគច្រើន គឺទុកនៅទីអារាម ដូច្នេះយើងគួរតែត្រូវលើកទឹកចិត្ដ ដល់ពុទ្ធបរិស័ទរបស់យើង ជួយទៅដល់ព្រះសង្ឃ ដើម្បីទីអារាមរបស់យើង មាននូវភ្លេងពិណពាទ្យ។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ភ្លេងពិណពាទ្យឥលូវនេះ មានប្រមាណជាង៤ពាន់ទីអារាម បើសិនជាយើងមានត្រឹមតែ៥០ភាគរយ ក៏យើងមាន២ពាន់វង់ភ្លេងពិណពាទ្យ ដោយក្នុង១វង់ ៦-៧នាក់ ហើយយើងបណ្ដុះបណ្ដាលជាមួយកុមារ ឬក៏យុវជន ឬក៏អ្នកដែលកាន់នូវភ្លេងពិណពាទ្យនេះ ដែលនោះ គឺជាការថែរមរតកដូនតារបស់យើង។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ភ្លេងពិណពាទ្យ មិនសូវមានអ្នកដាក់បង្ហាញនោះទេ ដូច្នេះអាចដាក់ នៅតាមសាលាវិចិត្រសិល្បៈនានា ប៉ុន្ដែប្រហែលជាវត្ដអារាម មានច្រើនជាងគេ ហើយសម្ដេចក៏បានប្រាប់ ឲ្យបង្កើនការយកចិត្ដទុកដាក់ផងដែរ។
បន្ថែមពីនោះទៀត សម្ដេចតេជោ បានឲ្យដឹងទៀតថា យើងក៏មានភ្លេងឆៃយ៉ាំ នៅតាមទីអារាម តែមិនជាច្រើនហួសហេតុពេកទេ ក៏ប៉ុន្ដែយ៉ាងហោចណាស់ ក៏មាន២ចំណែកនេះ ដែលទីអារាម អាចចូលរួមចំណែក ជួយទៅដល់ការអភិរក្ស នៃវង់ភ្លេងបុរាណរបស់យើង ចំពោះភ្លេងពិណពាទ្យ និងឆៃយ៉ាំ។
សម្ដេចតេជោ បានបញ្ជាក់ថា ភ្លេងពិណពាទ្យនេះ មិនមែនមានតម្រូវការ តែនៅទីអារាមនោះទេ គឺមានតម្រូវការនៅពេលបុណ្យទាន ទាំងបុណ្យសព ទាំងបុណ្យបច្ច័យបួន ឬក៏បុណ្យទានផ្សេងៗ នៅតាមគេហដ្ឋានផ្សេងៗផងដែរ ដែលប្រជាពលរដ្ឋអាចទៅខ្ចី ឬក៏ព្រះសង្ឃ អាចចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ ប្រើប្រាស់ភ្លេងពិណពាទ្យ ជំនួសឲ្យចាក់ភ្លេងពិណពាទ្យ៕