(កណ្តាល)៖ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈពង្រឹងការងារស្រុក កោះធំ បន្តទទូច និង ជំរុញឲ្យក្រុមការងារ សមាជិក សមាជិកា នៅក្នុងស្រុកគោះធំទាំងមូលបង្កើនការយកចិត្តទុកដាក់លើសុខទុក្ខប្រជា ពលរដ្ឋ ហើយត្រូវដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការថ្លែងជំរុញរបស់ ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលដែលរូបលោកអញ្ជើញប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ៦៥ឆ្នាំថ្ងៃ កំណើតគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាក្នុងស្រុកកោះធំ។ ពិធីមាន ការចូលរួមពីសមាជិក សមាជិកា ប្រមាណជា ៥០០នាក់។
នៅក្នុងពិធីអបអរសាទរថ្ងៃកំណើតបក្សនេះ លោក ចាន់ សុខុម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ បានឡើងអាននូវសុន្ទរកថា ស ម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យសមាជិក សមាជិកាទាំងអស់បានជ្រាប។
ក្នុងពិធី ដែលប្រារព្ធឡើងក្រោមបរិយាកាសសម្បាយរីករាយនោះ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា នូវស្នាដៃ និង សមិទ្ធផលជា ច្រើន ដែលថ្នាក់ដឹកនាំ និងឥស្សរជនគណបក្សប្រជាជនកម្ពុជា រួមមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានខិតខំពុះពាររួមគ្នា ដើម្បីបុព្វ ហេតុជាតិ មាតុភូមិជាង៣ទសវត្សរ៍មកនេះ បន្ទាប់ពីការរំដោះប្រទេសចេញពីរបបវាលពិឃាតអាវខ្មៅប៉ុលពត។
ក្រៅពីការកសាងនូវប្រព័ន្ធហេដ្ឋា រចនា សម្ព័ន្ធ និងការរុញច្រានឃឿនសេដ្ឋកិច្ចឲ្យរីកចម្រើនជាលំដាបហើយនោះ ការរក្សាបាននូវសុខសន្តិ ភាព ស្ថេរភាពនយោបាយ បានក្លាយទៅជាគ្រឹះដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា បន្តបោះជំហ៊ានរីកចម្រើនលូតលាស់ទៅមុខកាន់តែខ្លាំង ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បើទោះបីសមិទ្ធផលជាច្រើនត្រូវបានសម្រេចជូនជាតិ និងប្រជាជនក៏ដោយ តែមិនទាន់បំពេញចិត្ត និងមហិច្ឆតារបស់គណបក្សប្រជាជនបាននោះឡើយ។ ដើម្បីបំពេញមហិច្ឆតារបស់គណបក្សប្រជាជនសម្រាប់ភាពរីកចម្រើនរបស់ប្រទេស ជាតិ និងភាពសុខសាន្តរបស់ប្រជាជននេះ នៅចំពោះមុខសមាជិក សមាជិកា លោក ស៊ុន ចាន់ថុល បន្តជំរុញឲ្យសមាជិក សមាជិកាទាំង អស់ខិតខំដោះស្រាយ និងឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំពផុត ចំពោះទុក្ខលំបាក និង បញ្ហារបស់ប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល ក៏បានជំរុញឲ្យក្រុមការងារចុះជំរុញប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី និង ត្រៀមលក្ខណៈចូលរួមបោះឆ្នោតក្រុម ព្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ក៏ដូចជាបោះឆ្នោតជាតិឆ្នាំ២០១៨។
លោក ស៊ុន ចាន់ថុល ក៏បានណែនាំឲ្យក្រុមការងារបក្សចុះពន្យល់ប្រជាពលរដ្ឋឲ្យយល់ពីសារៈសំខាន់ នៃសន្តិភាព និងស្ថេរភាពនយោបាយ នាពេលបច្ចុប្បន្ន ដែលរកបានទាំងលំបាកដោយគណបក្សប្រជាជនកម្ពុជា។
លោក ស៊ុន ចាន់ថុល ក៏បានគូសបង្ហាញពីមោទនភាពសម្រាប់កម្ពុជា ដែលត្រូវបានជ្រើសធ្វើជាម្ចាស់សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅ ឆ្នាំ២០១៧ខាងមុខនេះ៕
(រូបភាព៖ លី ត្រាំរតនៈ)