(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវទស្សនៈសំខាន់ៗ ចំនួន៧ចំណុចដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ដើម្បីជំរុញឲ្យវិស័យវប្បធម៌របស់កម្ពុជា កាន់តែមានភាពរីកចម្រើន។
ទស្សនៈសំខាន់ៗ ដែលបានផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះរួមមាន៖
*ទី១៖ ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្ប-ធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។
*ទី២៖ ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។
ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្របសម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។
*ទី៣៖ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច។
ត្រង់ចំណុចនេះ សម្ដេចស្នើក្រសួងមហាផ្ទៃ ជាពិសេសនគរបាលការពារបេតិកភណ្ឌ ក្រសួងធម្មការ និងសាសនា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋ-បាលរាជធានី-ខេត្ត អាជ្ញាធរដែនដីដែលនៅកៀកនឹងប្រជាជន ត្រូវសហការឱ្យបានកាន់តែសកម្ម ក្នុងការការពារបុរាណដ្ឋាន និងសំណង់បេតិកភណ្ឌ។
*ទី៤៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យលទ្ធភាពរៀបចំឲ្យមានលំហវប្បធម៌ នៅក្នុងផែនការ មេអភិវឌ្ឍទីក្រុង និងទីប្រជុំជននីមួយៗ តាមរយៈការបង្កើតឲ្យមានភូមិវប្បធម៌ សហគមន៍វប្បធម៌ សួនឧទ្យានវប្បធម៌ ឃុំ-សង្កាត់វប្បធម៌ និង/ឬស្រុក-ខណ្ឌវប្បធម៌ សម្រាប់ធ្វើជាទីកន្លែងកម្សាន្ត សិក្សារៀនសូត្រ ច្នៃប្រឌិតបង្កើតផលិតផលសិល្បៈថ្មីៗ និងការរៀបចំព្រឹត្តិការណ៍សិល្បៈវប្បធម៌ធំៗ ដូចជាពិព័រណ៍ មហោស្រព និងការប្រគំតន្ត្រីជាដើម។
*ទី៥៖ ត្រូវបន្តពង្រឹង ពង្រីកប្រព័ន្ធ និងយន្តការការងារឲ្យមានភាពប្រទាក់ក្រឡាគ្នាជាយុទ្ធសាស្ត្រ បូករួមទាំងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យសិល្បៈវប្បធម៌ ការអភិរក្ស និងលើកស្ទួយវប្បធម៌ជាតិ រួមទាំងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។
*ទី៦៖ រាជបណ្ឌិត្យសភាកម្ពុជា ពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗ នៅលើបណ្ដាញសង្គម។
*ទី៧៖ សម្ដេចសូមអំពាវនាវឲ្យសិល្បករ សិល្បការិនីទាំងអស់ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឲ្យកាន់តែកក្រើក និងអធិកអធម ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌។
បើគិតមកត្រឹមថ្ងៃនេះ គឺនៅសល់ពេលចំនួន៦៤ថ្ងៃទៀត ដែលយើងទាំងអស់គ្នាត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ៦៤ឆ្នាំចុងក្រោយរបស់កម្ពុជា៕