(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារ ជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ សម័យគ្រប់ទម្រង់សរុបប្រមាណជា៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។
ជំនួបសំណេះសំណាល និងពិសារអាហារសាមគ្គីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយអ្នកសិល្បៈ ត្រូវបានខកខានអស់រយៈពេល ប្រមាណ៣ឆ្នាំមកហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ជំនួបសំណេះសំណាល និងពិសារអាហារ សាមគ្គីនេះធ្វើឡើងមិនត្រឹមតែ ជាការពង្រឹងសាមគ្គីភាពរវាងអ្នកសិល្បៈខ្មែរនោះទេ តែក៏ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាផងដែរ។
ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានជួបអ្នកសិល្បៈប្រមាណជា ៤ពាន់នាក់ក្នុងទិវាវប្បធម៌៌ជាតិ៣មីនា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំនៅថ្ងៃនេះ គឺជាជំនួបដ៏មានតម្លៃដើម្បីពង្រឹងភាពស្និទ្ធស្នាលរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសិល្បៈ និងដើម្បីលើកកម្ពស់តម្លៃវប្បធម៌។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹក ដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈរលើស្មារតីនេះហើយ ទើបចាប់តាំងពីឆ្នាំ១៩៩៩មក រាជរដ្ឋាភិបាលតែងតែប្រារព្ធទិវាវប្បធម៌ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសយកប្រធានបទ «យុវជនដើម្បីវប្បធម៌» សម្រាប់ប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ មិនមែនជារឿងចៃដន្យនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណើរការជាតិ យុវជនបានដើរតួនាទីយ៉ាងសំខាន់សំខាន់ក្នុងការរំដោះ ស្តារ និងអភិវឌ្ឍន៍ជាតិឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ជាពិសេសទៅលើអក្សរសាស្ត្រខ្មែរ បន្ទាប់ពីមានការប្រើប្រាស់ខុសឆ្គងច្រើន។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអ្នកសិល្បៈរួមគ្នាតែងនិពន្ធចម្រៀងអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់លើការសាងសង់រូបបដិមា ឬរូបសំណាកផ្សេងៗ ត្រូវសង់ឱ្យត្រូវទៅតាមរចនាបទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចភ័យបំផុតការបាត់បង់នូវមរតកវប្បធម៌របស់ខ្មែរ ព្រោះតែការចម្រើនលូតលាស់នៃបច្ចេកវិទ្យាទំនើប។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបញ្ឈប់ការទាមទារជាម្ចាស់កម្មសិទ្ធិលើមរតកវប្បធម៌នានា រវាងប្រទេសមានវប្បធម៌ស្រដៀងគ្នា។ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការជជែកគ្នារវាងប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ដើម្បីបញ្ចប់វិវាទ និងការទាមទារម្ចាស់កម្មសិទ្ធិ នៃសម្បត្តិមរតកវប្បធម៌ទាំងនោះ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យប្រទេសមានមរតកវប្បធម៌ស្រដៀងគ្នា ស្នើដាក់សម្បត្តិវប្បធម៌ស្រដៀងគ្នាជាសម្បត្តិបេតិកភណ្ឌពិភពលោករួមគ្នា។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា មេដឹកនាំថៃ និងឡាវ ដែលមានសម្បត្តិវប្បធម៌ស្រដៀងនឹងខ្មែរនេះ អាចពិចារណាលើគំនិតផ្តួចផ្តើមរបស់សម្តេច។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង១៧៖៣០នាទីល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់ តាមរយៈបណ្តាញព័ត៌មាន Fresh News៕