(បន្ទាយមានជ័យ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ ។
ក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់ឲ្យដឹងពីវឌ្ឍនភាព និងសកម្មភាពមួយចំនួន ដែលក្រសួងសម្រេចបាន និងកំពុងតែអនុវត្តបន្តទៅទៀត ដូចជាការរៀបចំច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ធ្វើពាណិជ្ជកម្មតាមអេឡិកត្រូនិក (E-Commerce) និងការត្រៀមតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងប្រព័ន្ធពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបន្តសម្រួលដល់ការចាប់ផ្ដើមអាជីវកម្ម។
លោក ប៉ាន សូរស័ក្ដិ បានជំរុញបន្ថែមឲ្យមន្ត្រីកាំកុងត្រូល យកចិត្តទុកដាក់ទប់ស្កាត់ទំនិញគ្មានគុណភាព និងមានការបង្កើត មន្ទីរបទពិសោធន៍ចល័តមាននៅលើរថយន្ត សំរាប់រាជធានី ខេត្ត ស្រុក ក្រុង រាល់ការមានបញ្ហាផ្សេងៗចំពោះមុខម្ហូប ដែលបានបង្កប៉ះពាល់សុខភាពពលរដ្ឋគ្រប់រូប ។
ក្រៅពីនោះ លោកបានជំរុញឲ្យមន្ត្រីទាំងអស់បន្តអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ និងជាការលើកទឹកចិត្ត បានជូនជាអំណោយចំនួន ២លានរៀល សម្រាប់មន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា កាលពីម្សិលមិញ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំណេះសំណាលជាមួយមន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបង ដើម្បីការងារស្មារតីឲ្យខ្ជាប់ខ្ជួន និងកែទម្រង់ ដូចជាការរៀបចំច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ធ្វើពាណិជ្ជកម្មតាមអេឡិកត្រូនិក (E-Commerce) ការត្រៀមតភ្ជាប់ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ខាងមុខ និងបានផ្តល់ថវិកាចំនួន ២លានរៀលផងដែរ៕