(កំពង់ធំ)៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា អាជ្ញាធរដែនដី អង្គការដៃគូ និងសហគមន៍ ជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងវិស័យអប់រំ។

ការថ្លែងបែបនេះ របស់លោក អ៊ុន បុត្ត បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងទិសដៅការងារឆ្នាំសិក្សា២០២២-២០២៣ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការចូលពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអប់រំ យុវជន និងកីឡា ជិត២០០នាក់។

ជាមួយគ្នានេះ លោកសូមកោតសរសើរដោយស្មោះចំពោះ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ បុគ្គលិកអប់រំទូទាំងខេត្តដែលបានខិតខំអនុវត្តន៍ នូវទិសដៅផែនការ សកម្មភាព វិស័យអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ ព្រមទាំងបានចូលរួមពុះពារនូវគ្រប់ឧបសគ្គទាំងឡាយនៃការអនុវត្តគោលនយោបាយអប់រំ និងកំណែទម្រង់វិស័យអប់រំ ជាអាទិភាពទាំង១៥ចំណុច ក្នុងឆ្នាំសិក្សាកន្លងមកទទួលបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូរអភិវឌ្ឍ សប្បុរសជននានា ព្រមទាំងមាតា បិតាសិស្ស ដែលបានចូលរួមយ៉ាងសកម្មជាមួយនឹងវិស័យអប់រំ បានចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារ និងថវិកាធ្វើឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្តមានដំណើរការល្អ និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

លោក អ៊ុន បុត្ត បានបប្តថា ការចូលរួមរបស់អាជ្ញាធរ ពិតជាមានសារៈសំខាន់ និងជាកត្តាដែលពុំអាចខ្វះបានសម្រាប់ការអភិវឌ្ឍវិស័យអប់រំក្នុងខេត្តទាំងមូល ស្របតាមគោលនយោបាយជាតិ «ការអប់រំសម្រាប់ ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ»

លោកបានបន្ថែមថា លោកគ្រូអ្នកគ្រូ ត្រូវតែតាមដានចំពោះសិស្សមួយចំនួនដែលយកម៉ោងសិក្សាទៅដើរលេងខាងក្រៅ និងរាយការណ៍ទៅអាណាព្យាបាល ម្យ៉ាងវិញទៀតសិស្សានុសិស្សត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀតដែលនាំឱ្យខូចអនាគត ជាពិសេសសត្រូវធ្វើអំពើល្អឱ្យបានច្រើនស្តាប់ការណែនាំលោកគ្រូ អ្នកគ្រូ ខិតខំប្រែងសិក្សារៀសូត្រដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងប្រជាពលរដ្ឋល្អទៅថ្ងៃអានគត។

លោក អ៊ុន បុត្ត បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរ និងការជំរុញការកសាងធនធានមនុស្សពីកម្រិតមូលដ្ឋានឡើងទៅ ដើម្បីឈានឆ្ពោះទៅទទួលបាននូវធនធានមនុស្សសម្រាប់សង្គមជាតិដែលពួកគាត់អាចមានលទ្ធភាពនៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាពអាចចូលទៅធ្វើការក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាលជាដើម ដើម្បីនាំមកនូវការអភិវឌ្ឍ និងការរីកចម្រើនដល់គ្រួសារ និងសង្គមជាតិផងដែរ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថា គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលាមត្តេយ្យសិក្សានិងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានចំនួន១០៧៣ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍មាន ចំនួន ១៩៦កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ៨០៥ និងគ្រឹះស្ថានសិក្សាឯកជន មានចំនួន៧២។ សិស្សសរុបមានចំនួន ១៧២,៣៦២នាក់ សិស្សស្រី ៨៧,៨៤១នាក់ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍ ៥,១០៣នាក់ ស្រី ២,៦២៥នាក់ សិស្សគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ១៦១,៨៨១នាក់ ស្រី ៨២,១៦៦នាក់ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ៥,៣៧៨នាក់ ស្រី ៣,០៥០នាក់។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនសរុបចំនួន ៥,៤៤៥នាក់ សី ៣,០២៥នាក់ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ២៦នាក់ ស្រី ១៦នាក់ និទ្ទេស B មានចំនួន ២៧៤នាក់ ស្រី ១៦២នាក់ និទ្ទេស C មានចំនួន ៨០៣នាក់ ស្រី ៤៩៣នាក់ និទ្ទេស D មានចំនួន ១,៤៩៤នាក់ ស្រី ៩០១នាក់ និទ្ទេសEមានចំនួន ១,៥៣៩នាក់ ស្រី ៨៤៧នាក់ សរុបមានចំនួន ៤,១៣៦នាក់ ស្មើ ៧៥,៩៦% ស្រី ២,៤១៩នាក់ ស្មើ ៧៩,៩៧%៕