(ព្រៃវែង)៖ ក្រោយពីប្រមូលផលស្រូវរដូវប្រាំង ហើយសល់ចំបើងនៅតាមវាលស្រែ មានឈ្មួញដើរប្រមូលទិញ ធ្វើឲ្យទីផ្សារចំបើងរបស់ពលរដ្ឋខេត្តព្រៃវែង ដែលពុំធ្លាប់មានទីផ្សារ កំពុងតែត្រូវប៉ាន់ និងបានតម្លៃសមរម្យទៀតផង។
ប្រជាកសិករដែលប្រកបរបរ ធ្វើស្រែចំការរស់នៅសង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះថា ពួកគាត់តែងតែប្រកបមុខរបរធ្វើស្រែចំការ ដោយប្រមូលផលស្រូវ យកទៅលក់ ដើម្បីបានប្រាក់ចំណូលយកមកផ្គត់ផ្គង់គ្រួសារ ក៏ដូចជាឲ្យថ្លៃជី ថ្លៃប្រេង និងថ្លៃច្រូតជាដើម។
ក្រោយពីប្រមូលផលស្រូវប្រាំងរួច គឺបានលក់ចំបើងទៅឲ្យឈ្មួញមកទិញចំបើងដល់ក្នុងស្រែ ដោយឲ្យតម្លៃក្នុងមួយហិចតា៥ម៉ឺនរៀល ហើយឈ្មូញទាំងអស់នោះ ភាគច្រើនមកពីខេត្ដស្វាយរៀង ដែលតែងតែ ប្រមូលទិញ យកទៅលក់បន្តទៅឲ្យអ្នកដែលយកទៅប្រើប្រាស់មានដូចជា៖ យកទៅឲ្យគោស៊ី និងយកទៅកែឆ្នៃធ្វើជារបស់ផ្សេងៗ តាមតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ។
ប្រជាកសិករបានបន្តថា កាលពីមុនចំបើងក្រោយពីច្រូតហើយ គឺគាត់ដុតចោលឲ្យអស់ ឬក៏ប្រមូលទុក តែភាគច្រើន គឺដុតចោលដើម្បីឲ្យស្រែស្រឡះងាយស្រួល ក្នុងការធ្វើដីធ្វើស្រែម្ដងទៀត។
ដោយឡែកឆ្នាំនេះ មានឈ្មួញមកទិញចំបើង គាត់ដល់ស្រែតែម្ដងដូច្នេះ ក៏ងាយស្រួលដោយមិនបាច់ដុតចោលទៀតនោះទេ ហើយក៏អាចបង្ករជាអគ្គិភ័យផ្សេងៗ មួយវិញទៀតនោះ ធ្វើឲ្យខូចដី ដែលនេះ ក៏ជាចំណែកមួយសម្រាប់ ការរកប្រាក់ចំណូលរបស់បន្ថែមទៀត ពីការលក់ចំបើងក្រោយពីការប្រមូលផលស្រូវរួចផងដែរ៕