(ព្រះសីហនុ)៖ នារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានសង្សារចាក់សម្លាប់ ពេលកំពុងដើរចេញពីធ្វើការរោងចក្រ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណរោងចក្រ «បេវឈីវើ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសចេជាង ភូមិត្រពាំងគា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សៀក ស៊ាវឡី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្រុកកំណើតឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ខណៈជនដៃដល់ជាសង្សាឈ្មោះ ឡូត ម៉ុក អាយុ៣១ឆ្នាំ ជាកម្មកររោងចក្រដូចគ្នា ហើយបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ កំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕