(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់ទទួលបានសមិទ្ធផលនានាជាច្រើន ស្កេកស្កះទូទាំងប្រទេស ប្រជាពលរដ្ឋរស់ស្រួល មានជីវភាពធូរធា រីកចំរើនស្ទើរគ្រប់វិស័យ។ ក្នុងនោះដែរហេដ្ឋារចនាសម្ព័ន្ធក៏ឃើញមានការកសាងរួចរាល់ជាច្រើនកន្លែង ខណ:ដែលផ្លូវបេតុង២ខ្សែនេះ ក៏ស្ថិតក្នុងការកសាង ក្នុងសម័យសន្តិភាពយើងនេះដែរ ។

អភិបាលខេត្ត បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី អាជ្ញាធរក្រុង មន្ទីរជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៤០០នាក់។

លោកអភិបាលខេត្តបានថ្លែងថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវទាំង២ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

មិនដូចពួកប្រឆាំងផ្កាប់មុខមួយចំនួនដែលនិយាយរិះគន់គ្មានការពិត ចោទប្រកាន់ លាបពណ៌មកលើរាជរដ្ឋាភិបាល និយាយមួលបង្កាច់បង្ខូច ខុសការពិត ក្នុងបំណងទុច្ចរិត។ ដូច្នេះសូមពលរដ្ឋទាំងអស់កុំជឿនូវពាក្យសំដីញុះញង់ ទាំងឡាយនោះ ដែលបង្កប់ដោយចេតនាអាក្រក់ក្នុងបំណងបំផ្លាញសុខសន្តិភាពយើង។ យើងមានសុខសន្តិភាព ទើបយើងមានឱកាសកសាងប្រទេសជាតិឲ្យរីកចំរើនទៅបាន បើប្រទេសហែកហួរដោយសង្រ្គាមហើយនោះ កុំសង្ឃឹមថារស់បានស្រួល រីកចំរើន គឺមានតែទឹកភ្នែកទេ ដូច្នេះពួកយើងត្រូវ អរគុណសន្តិភាព។

នាឱកាសនោះ លោកអភិបាលខេត្ត ជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងតាខ្មៅ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈមទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។

សូមបញ្ចាក់ថា ផ្លូវបេតុងអាមេចំនួន ២ខ្សែ មានប្រវែងសរុប ៨៣០ ម៉ែត្រ ក្នុងនោះ ខ្សែទី១ប្រវែង ៥៦០ ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ និងខ្សែទី២ប្រវែង ២៧០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ៕