(ស្វាយរៀង)៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពការងារកសិកម្ម និងចុះត្រួតពិនិត្យវឌ្ឍន៍ភាព នៃការជីកប្រឡាយនៅក្នុងឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ការចុះត្រួតពិនិត្យវឌ្ឍន៍ភាព នៃការជីកប្រឡាយនៅឃុំបណ្ដូងត្របែកនេះ មានការចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុក អាជ្ញាធរដែនដី និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនទៀត។

នៅក្នុងឱកាសនោះ លោក គឹម សុន បានលើកឡើងថា ក្រោយពីការជីកប្រឡាយរួចជាស្ថាពរ និងបានផ្ដល់ផលប្រយោជន៍ចំនួន៣ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ រួមមាន៖

*ទី១៖ បានប្រឡាយបង្ហូរទឹក និងរំដោះទឹកដោយលែងមានការជន់លិចលង់ នៅរដូវវស្សានៅក្នុងតំបន់ផ្ទះ៤០០ខ្នង របស់គ្រួសារអតីតយុទ្ធជន
*ទី២៖ ដោយយើងបានផ្លូវមួយដ៏ល្អដែលពីមុន គឺមិនដែលមាននោះទេ ប៉ុន្តែបច្ចុប្បន្នក្លាយជាផ្លូវដែលមានទំហំ៧ម៉ែត្រ ខ្នងអណ្ដើក និងកិនគៀរបង្ហាប់ឲ្យស្អាត សម្រាប់ពលរដ្ឋងាយស្រួលធ្វើដំណើរឆ្លងកាត់
*ទី៣៖ មានទឹកក្នុងប្រឡាយ ដើម្បីស្រោចស្រោពប្រើប្រាស់បានទាំងអស់គ្នា។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធបាន រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លីរាំរ៉ៃនាពេលកន្លងមក ដែលអាជ្ញាធរខេត្តបានសម្របសម្រួល និងដោះស្រាយ ខណៈដែលប្រជាពលរដ្ឋ បានចាប់យកដីរបស់រដ្ឋក្នុងតំបន់នេះ ប៉ុន្តែដោយបានជីកប្រឡាយ កំណត់ជាព្រំដីរបស់រដ្ឋត្រូវបានបញ្ចប់ទំនាស់ផងដែរ៕