(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែកក្កដានេះថា ក្រសួងព័ត៌មាននឹងធ្វើលិខិតព្រមានជាលើកទី១ សម្រាប់អង្គភាពព័ត៌មាន ដែលមិនព្រមសរសេរគោរមងារ «សម្តេច» ក្នុងអត្ថបទព័ត៌មានរបស់ខ្លួន ហើយថាបើអង្គភាពព័ត៌មានទាំងនោះ នៅបន្តរឹងរូសមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេ ក្រសួងនឹងដកហូរអាជ្ញាប័ណ្ណមិនឱ្យផ្សាយតែម្តង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់អង្គភាព Fresh News តាមសារអេឡិចត្រូនិចមួយនៅថ្ងៃនេះ បន្ទាប់ពីក្រសួងព័ត៌មាន ប្រកាសពីការអនុវត្តន៍សេចក្តីជូនដំណឹងនេះជាផ្លូវការ ជូនដល់អង្គភាពព័ត៌មានឲ្យប្រើប្រាស់គោរមងារ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦តទៅ។
កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ក្រសួងព័ត៌មាន បានព្រមានចាត់វិធានការលើស្ថាប័នសារព័ត៌មានទាំងឡាយណា ដែលមិនប្រើគោរមងារសម្ដេច នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។ ក្រសួងព័ត៌មានធ្លាប់បានទុកពេល ឲ្យស្ថាប័នសារព័ត៌មាន រហូតដល់ចុងខែមិថុនា ពិចារណាពីការប្រើ ឬមិនប្រើគោរមងារ សម្ដេចសម្រាប់បុគ្គលទាំងឡាយណាដែលព្រះមហាក្សត្រ បានប្រទានគោរមងារជា «សម្ដេច» នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។
ជាការកត់សំគាល់ គោរមងារសម្ដេចនាពេលបច្ចុប្បន្ននេះ រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាដើម៕