(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំចំនួន៤១៤វិញ្ញាបនបត្រ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុក ឃុំ ភូមិជាច្រើនរូបទៀតផងដែរ។

លោក ទឹម មុនីរ័ត្ន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តរតនគិរី បានឲ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៤១៤វិញ្ញាបនបត្រ ដែលនឹងចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានដីលំនៅដ្ឋានចំនួន១៧៣ វិញ្ញាបនបត្រ ដីកសិកម្មចំនួន២៣៨វិញ្ញាបនបត្រ ដីរដ្ឋចំនួន០៣ វិញ្ញាបនបត្រ។

លោក ញ៉ែម សំអឿន បានលើកឡើងថា ការងារចុះបញ្ជីដីធ្លីមានខណៈជាប្រព័ន្ធពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើម្បីបាននូវសិទ្ធិស្របច្បាប់ និងលុបបំបាត់នូវ វិវាទកម្ម ភាពច្បាស់លាស់ ក្នុងការកំណត់អំពីទំហំដី ព្រំប្រទល់ដី ជាពិសេសអាចប្រើប្រាស់ផ្សេងទៀតតាមការដែលអាចប្រើបាន។

លោកបានបន្តថា ការចុះបញ្ជីដីធ្លីកម្មសិទ្ធិនាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យពុកម៉ែបងប្អូន មានសិទ្ធិអាចប្រកបមុខរបបផ្សេងៗ ហើយចេះរស់នៅប្រកបដោយសុខដុមនីយកម្ម ដោយមិនមានការភ័យខ្លាច។ ដូចនះសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍។ ទាំងនេះគឺជាការដឹកនាំក្រោមម្លប់សន្តិភាពដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព មានការរីកចម្រើន និងអភិវឌ្ឈន៍លើគ្រប់វិស័យ។

លោកអភិបាលខេត្ត សូមកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីររៀបចំដែនដីខេត្ត ដែលបានយកចិត្តទុកដាក់បំពេញ ការងារបានយ៉ាងល្អប្រសើរ។ ដូចគ្នាផងដែរ ក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានយកចិត្តទុកដាក់ចូលរួម ក្នុងការងាចុះបញ្ជីដីធ្លីឱ្យសម្រេចបាន នូវលទ្ធផលល្អប្រសើររហូតមកដល់ពេលនេះ៕