(ព្រះវិហារ)៖ មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ ស្ថិតក្នុងសណ្ឋគារដ៏ធំកណ្តាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានចូលរួមពីលោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ និងលោកស្រី ព្រមទាំងលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា ជាទីប្រឹក្សារាជរដ្ឋាភិបាល ជាថ្នាក់ដឹកនាំខេត្ត លោក លោកស្រី មកពីមន្ទីរ អង្គភាព ជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អស់លោក លោកស្រី ដែលមានវត្តមានក្នុងពិធីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។
លោកទេសរដ្ឋមន្ត្រី បានកោតសរសើរលោក សួស យ៉ារ៉ា និងក្រុមយុវជនដែលមានជំនាញសុខាភិបាល ដែលបានបង្កើតមន្ទីរពហុព្យបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារនេះឡើង ហើយបានធ្វើការតាំងចិត្តជ្រើសរើស យកទីតាំងនៅខេត្តព្រះវិហារនេះ ជាទីតាំងឈរជើង។
លោកសូមកោតសរសើរដល់អាជ្ញាធរដែនដី មន្ទីរសុខាភិបាលខេត្ត ពិសេសថ្លែងអំណរគុណលោក ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រី ដែលបានផ្តល់នូវទីតាំងនេះសម្រាប់ឱ្យដំណើរការមន្ទីរពុហុព្យាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ បើទោះក្នុងតំលៃវិនិយោគក៏គិតថាសមរម្យ និងមានភាពងាយស្រួលដែរ។
លោក មាស សុភា បានថ្លែងកោតសរសើរដល់មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ បើទោះបីទើបបង្កើតក៏ពិតមែន តែទំនើប មានឧបករណ៍គ្រប់គ្រាន់ដើម្បីធ្វើការព្យាបាល ហើយមន្ទីរពហុព្យាបាលនេះ ប្លែកពីមន្ទីរពេទ្យដ៍ទៀត ដោយសារមានកម្មវិធីផ្តល់បណ្ណសុខភាព ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏សំណូមពរដល់មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ ធ្វើយ៉ាងម៉េចត្រូវផ្តល់សេវា ព្យាបាលឆាប់រហ័ស ទាន់ចិត្ត ប្រសិទ្ធិភាព និងប្រកបដោយវិជ្ជាជីវៈ តម្លៃសមរម្យ។
ដោយឡែកលោក សួស យ៉ារ៉ា បានថ្លែងថា មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីបុត្រព្រះវិហារ នឹងធ្វើការពិនិត្យអ្នកជម្ងឺមិនលើសពី៥០នាក់ទេក្នុង១ថ្ងៃ ប៉ុន្តែពេលមានអាសន្នអាចយកមកភ្លាមៗបាន ព្រោះយើងផ្តោតសំខាន់លើ គុណភាព ដោយសំដៅលើមន្ត្រីរាជការមុនគេ ពិសេសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តដោយផ្តល់កញ្ចប់ពិនិត្យសុខភាពត្រឹមតម្លៃ ៥ម៉ឺនរៀលប៉ុណ្ណោះ។ លើសពីនេះអ្នកមានលទ្ធភាពអាចទៅពិនិត្យព្យាបាលនៅ ថៃ វៀតណាម កូរ៉េ និងឥណ្ឌា ហើយពេទ្យធំៗដូចជា កូរ៉េ ចិន អាមេរិក និងឥណ្ឌា នឹងមកពិនិត្យព្យាលជាប្រចាំឆ្នាំនៅខេត្តព្រះវិហាររបស់យើង៕