(ព្រះសីហនុ)៖ អគារសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាព តាជី យាយជី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ផ្តើមនៅក្នុងកម្មពិធីលោក ម៉ែន សូផាត បានរាយការណ៍ការងារសាងសង់អគារសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ មានបណ្តោយ ១៧ម៉ែត្រ ទទឹង ៨ម៉ែត្រ មានកម្ពស់ ២ជាន់ ធ្វើពីបេតុង ប្រក់ហ្វីប្រូស៊ីម៉ង់ ចាប់ផ្តើមសាងសង់កាលពីខែសីហា ឆ្នាំ២០២០ និងបញ្ចប់នៅខែមករា ឆ្នាំ២០២១ ចំណាយថវិកាចំនួន ១៥៧.៨០០ដុល្លារ និងប្រាក់រៀល ១.៤៤៥.០០០រៀល ថវិកាបានមកពីការចូលរួមពីបងប្អូនសប្បុរសជន និងបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
ក្នុងឱកាសនោះ លោក គួច ចំរើន សូមកោតសរសើរគណៈគ្រប់គ្រង សមាជិក នៃសមាគម បានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានក្នុងការងារមរណសង្រ្គោះ ដូចជា ផ្តល់នូវរថយន្តដឹកសព កោដ្ឋ មឈូស ថវិកាសម្រាប់ចាត់ចែងបុណ្យសពដល់ជនក្រីក្រ ជនគ្មានទីពឹង ជនអាណាថា ជនកំសត់ទុរគត អប់រំផ្សព្វផ្សាយសីលធម៌ សុជីវធម៌ ប្រពៃណី ទំនៀមទំលាប់ និងព្រះពុទ្ធសាសនាដល់យុវជនបង្កើតកម្មវិធី បង្រៀនព្រះធម៌ ដល់ឧបាសក ឧបាសិកា ព្រមទាំងការងារសង្គមជាច្រើនទៀតមានដូចជា ឧបត្ថម្ភ តុ កៅអី ដល់សាលារៀន ការងារកាកបាទក្រហម មន្ទីរពេទ្យ ចុះសួរសុខទុក្ខកងទ័ពនៅតាមព្រំដែន ជនជាប់ឃុំក្នុងពន្ធធនាគារ មណ្ឌលកែប្រែគ្រឿងញៀនជាដើម។
ជាពិសេស សកម្មភាពរបស់សមាគម ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋបាលខេត្ត ក្នុងការងារសង្គហធម៌ និងមនុស្សធម៌ ដើម្បីរួមគ្នាសាងភាពសុខដុមរមនា និងការអភិវឌ្ឍរីកចម្រើននៅខេត្តព្រះសីហនុនាពេលខាងមុខ។
ក្នុងឱកាសនោះ អភិបាលខេត្ត បានណែនាំដល់អ្នកចូលរួមត្រូវត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ដើម្បី ទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។
អភិបាលខេត្ត បានផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូ ក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ប៊ីចេងមួយកញ្ចប់ ខ្ទឹមសរមួយកញ្ចប់ និងថវិកា ២០ម៉ឺនរៀល។ មណ្ឌលកែប្រែពន្ធនាគារខេត្ត ទទួលបានអង្គរ ៣តោន មណ្ឌលកែប្រែគ្រឿងញៀនខេត្តអង្ករ ២តោនភ្ញៀវកិត្តិយសចំនួន ៥០នាក់ ទទួលបានកាដូមួយ ក្នុងនោះមានអាវអាចារ្យមួយថវិកា ២០ម៉ឺនរៀល ក្រុមអាចារ្យគណៈកម្មាការ សមាគម៨០ នាក់ ទទួលបានអាវអាចារ្យមួយ ថវិកា ១០ម៉ឺនរៀល យាយជី តាជី ៣០នាក់ ក្នុងម្នាក់អាវមួយ ថវិកា ២០.០០០រៀល និងឧបត្ថម្ភថវិកា ១ម៉ឺន៩ពាន់ដុល្លាអាមេរិកសងថ្លៃ ឡានដឹកសព ព្រមទាំងបំពាក់គ្រឿងឥស្សរិយយស ជូនសប្បុរសជនដែលបានចូលរួម៕