(ភ្នំពេញ)៖ លោក សុខ ពុទ្ធិវុធ ប្រធានក្រុមហ៊ុនសូម៉ាគ្រុប ទទួលបានការគាំទ្រពីសមាជិកយ៉ាងច្រើនលើសលុប ឲ្យបន្តធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី២នេះ។
ការបោះឆ្នោតជ្រើសតាំងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី២ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ ជាលទ្ធផល លោក សុខ ពុទ្ធិវុធ ទទួលបានសំឡេងគាំទ្រ ១១៣សំឡេង ខណៈឧកញ៉ា តែ តាំងប៉ ប្រធានក្រុមហ៊ុនសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទទួលបានសំឡេងគាំទ្រ ៧៩សំឡេងសំឡេង។
សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជន ដែលមានសំឡេងតែមួយគត់ នៃឧស្សាហកម្មស្រូវអង្ករកម្ពុជា ដោយបានបង្កើតឡើងតាមរយៈការបោះឆ្នោតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ដោយសមាជិកស្ថាបនិកចំនួន២១៣ រូបតំណាងឱ្យសហព័ន្ធអ្នកនាំចេញអង្ករ សហគមន៍កសិករ សមាគមម្ចាស់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុននាំចេញ អង្ករ ក្រុមហ៊ុនដឹកជញ្ជូន ។ល។
ប្រធានក្រុមប្រឹក្សាភិបាលមាន ១៧រូប ត្រូវបោះឆ្នោត ដើម្បីធ្វើជាតំណាងហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ២២៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ទទួលស្គាល់សហព័ន្ធស្រូវអង្ករកម្ពុជា ជាដៃគូតែមួយគត់សម្រាប់ការពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យអង្ករបស់កម្ពុជានៅលើឆាកអន្តរជាតិ ហើយក៏ជាស្ថាប័នមួយដែលត្រូវអភិវឌ្ឍរៀបចំវេទិកា ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាទាំងក្នុងស្រុក និងឆាកអន្តរជាតិ។
សូមរំលឹកផងដែរថា លោក សុខ ពុទ្ធិវុធ ក៏ត្រូវបានសមាជិក សមាជិកា បោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីអា ណត្តិទី១ផងដែរ៕