(ស្ទឹងត្រែង)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់សមាជិកសមាជិកា ស.ស.យ.ក ខេត្ត ក្រោមវត្តមានលោក ម៉ែន គង់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធាន ស.ស.យ.ក ខេត្តស្ទឹងត្រែង, លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធានផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន និងលោក គង់ សុធា ប្រធាន ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូនខេត្ត។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅសាលប្រជុំ នៃសាលាគរុកោសល្យភូមិភាគស្ទឹងត្រែង ដោយមានការចូលរួមពីសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាមកពីគ្រប់មន្ទីរវិស័យក្នុងខេត្ត ថ្នាក់ដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ក្រុងស្រុក និងស.ស.យ.ក សាលាគរុកោសល្យភូមិភាគស្ទឹងត្រែងផងដែរ។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាអនុប្រធានផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក វិស័យសាធារណការ និងដឹកជញ្ជូន តំណាងលោក ឈួន វ៉ន់ ប្រធានផ្នែកដឹកជញ្ជូន នៃ ស.ស.យ.ក. វិស័យសាធារណការ និងដឹកជញ្ជូន បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់សមាជិកសមាជិកា ស.ស.យ.ក និងដើម្បីយក ចំណេះដឹងនេះទៅអប់រំផ្សព្វផ្សាយបន្ត ដល់យុវជនដទៃទៀត។
លោកបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងក៏ដោយសារការមើលឃើញពីបញ្ហាគ្រោះថ្នាក់ នៃចរាចរណ៍បានកើតឡើងជាញឹកញាប់ និងជារៀងរាល់ថ្ងៃនៅក្នុងទូទាំងប្រទេសកម្ពុជា និងពិភពលោក។ លោកបញ្ជាក់ថា «មានមនុស្សស្លាប់ចំនួន ១,៣លាននាក់ ជារៀងរាល់ឆ្នាំទូទាំងពិភពលោក ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏មានការកើនឡើងផងដែរ នៅក្នុងឆ្នាំ២០១៩ ដែលមានចំនួន២០០០នាក់ ប៉ុន្តែដោយមានការិតបន្តឹងផ្នែកច្បាប់ចរាចរណ៍ ឃើញថា មានការថយចុះក្នុង២០២២ មានអ្នកស្លាប់ត្រឹមតែ១៧០៩នាក់»។
លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានថ្លែងថា ការវគ្គបណ្តុះបណ្តាល និងផ្តល់យល់ដឹងពីស្ថានភាពទូទៅនៃគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក សុជីវធម៌ក្នុងការបើកបរ ការប្រើប្រាស់ល្បឿន ក្នុងការបើកបរ សិទ្ធិអាទិភាព នៅត្រង់ផ្លូវប្រសព្វ ហានិភ័យ នៃការបើកបរ ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង អត្ថប្រយោជន៍ នៃមួកសុវត្ថិភាព ការត្រួតពិនិត្យទោចក្រយានយន្ត និងយល់ដឹងពីបញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធនិងចរាចរន៍ផ្លូវគោក។
លោកបន្តថា ការបណ្តុះបណ្តាពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាវិស័យទីមួយក្នុងចំណោមវិស័យផ្សេងទៀត ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញដល់សមាជិកសមាជិកសសយកខេត្ត។ អ្វីដែលជាចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង គឺការបន្តស្នើរសុំរៀបចំវគ្គបណ្តុះបណ្តលដល់សមាជិការសមាជិការសសយកខេត្ត លើវិស័យផ្សេងៗទៀត មានដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត ព្រមទាំងវិស័យផ្សេងៗទៀត។
ពាក់ព័ន្ធនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ម៉ែន គង់ បានអំពាវនាវដល់ ស.ស.យ.ក មកពីតាមវិស័យផ្សេងៗ ដែលមានវត្តមាន នៅទីនេះ ពេលត្រឡប់ទៅវិញ ត្រូវជួយផ្សព្វផ្សាយបន្តពីការងារសុវត្ថិភាពចរាចរណ៍នេះ ជូនដល់យុវជនតាមមន្ទីរវិស័យរបស់ខ្លួន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានឲ្យបានដល់ដឹងកាន់ច្រើនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតឡើងនៅតាមដងផ្លូវសាធារណៈផងដែរ៕