(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមជាមួយអង្គការដៃ បានជ្រើសរើសខេត្តពោធិ៍សាត់ ក្នុងចំណោមទាំងខេត្ត៦ នៃតំបន់ជួរភ្នំក្រវាញ ដើម្បីចាប់ផ្តើមបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដំណាក់កាលទី២ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្តក្នុងខេត្តចំនួន៥រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ ផ្តោតសំខាន់ ដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីផលប្រយោជន៍សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃឱ្យបានកើនឡើង ដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់ជាវិស័យទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយនៃទេសចរណ៍ផ្សារភ្ជាប់ទឹកដី។ បើទោះបីអន្ទាក់ទាំងអស់ដោះមិនទាន់អស់ក៏ដោយ ប៉ុន្តែការដោះអន្ទាក់នេះក៏ជាផ្នែកមួយសម្រាប់ជួយរំដោះពីការគ្រោះថ្នាក់ដល់សត្វព្រៃផងដែរ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ បានដោះអន្ទាក់សរុបចំនួន ៩៦,៣៥៧អន្ទាក់ ក្នុងចំណោមអន្ទាក់ដែលបានដោះចេញ គឺមួយចំនួនធំនៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង ខេត្តពោធិ៍សាត់ និងបណ្តាខេត្តនៅភូមិភាគឦសាន ដូចជា៖ មណ្ដលគិរី រតនគិរី ស្ទឹងត្រែង និងក្រៅពីនេះដូចជាព្រះវិហារ កំពង់ធំជាដើម។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបន្តថា នៅក្នុងរយៈពេល ២ឆ្នាំនេះ មន្ត្រីជំនាញ ព្រមទាំងអង្គការដៃគូ បានដកហូតកាំភ្លើងកែច្នៃនិងកាំភ្លើងស្វយប្រវត្តិចំនួន ១,៤១៦ដើម ផងដែរ។

បើតាមលោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) បានលើកឡើងថា ថ្លែងតាមយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ​នៅតាមបណ្តាខេត្តត្រើយខាងកើតទន្លេមេគង្គ បានធ្វើឱ្យប្រជាពលរដ្ឋជាង ៣លាននាក់ បានទទួលព័ត៌មានពីសារៈសំខាន់នៃសត្វព្រៃ និងធនធានធម្មជាតិ តាមរយៈអត្ថបទព័ត៌មានជាង៦០០អត្ថបទ ដែលបានចុះផ្សាយដោយអង្គភាពព័ត៌មានជាតិ និងអន្តរជាតិ។

ប្រធានអង្គការរូបនេះ បានបញ្ជាក់ថា ក្រោយយុទ្ធនាការអន្ទាក់សូន្យលើកទី១ មកចំនួនការអន្ទាក់មានចំនួនថយចុះច្រើន។ ក្នុងនេះដូចជាតួលេខចុងក្រោយ គឺក្នុងឆ្នាំ២០២១ មុនយុទ្ធនាការអន្ទាក់សូន្យចំនួនអន្ទាក់ ដែលប្រមូលបានក្ន្ងុងតំបន់ការពារធម្មជាតិ ៦១,១៦០អន្ទាក់ ហើយឆ្នាំ២០២២ ក្រោយការបើកយុទ្ធនាការអន្ទាក់សូន្យ មកគេធ្វើការប្រមូលអន្ទាក់បានត្រឹមតែ ៣៥,១១៨អន្ទាក់។ តួលេខនេះមានការថយចុះប្រមាណ ៤០ភាគរយ ពិសេសជាងនេះកាំភ្លើងកែច្នៃ។

លោក សេង ទៀក បានបញ្ជាក់ថា យោងតាមទិន្នន័យដែលក្រសួងបរិស្ថាន ជូនក្នុងឆ្នាំ២០២១ គឺមានកាំភ្លើងចំនួន ១,២០០ដើម ត្រូវបានប្រមូល ប៉ុន្តែ នៅក្នុងឆ្នាំ២០២២ គឺប្រមូលបានតែ៥១៦ដើមប៉ុណ្ណោះ ដែលតួលេខនេះថយចុះ ៥០ភាគរយ ទាំងនេះគឺជាលទ្ធផលដ៏ល្អ តាមរយៈការធ្វើអន្ទាក់សូន្យ។

លោកភក្រ្តា ក៏បានគូសរំលេចថា លទ្ធផលពីយុទ្ធនាការអន្ទាក់សូន្យលើកទី១ មិនត្រឹមតែបំផុសឱ្យប្រជាពលរដ្ឋនៅតាមខេត្តគោលដៅបានយល់ដឹង ជាពិសេសម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួនបានបឈ្ឈប់យកសាច់សត្វព្រៃ មកធ្វើមុខម្ហូបសម្រាប់ភ្ញៀវបរិភោគ៕