(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអះអាងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ថា រដ្ឋបាលខេត្ត មិនមានគម្រោងក្នុងការផ្លាស់ប្ដូររូបសំណាក «ព្រះនរាយណ៍» ដែលនិមិត្ដរូបតំណាងឲ្យខេត្តតាកែវនោះឡើយ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» លោក អ៊ូច ភា បានរំលឹកថា រូបភាព 3D រង្វង់មូលបង្កង និងពងទានោះ គ្រាន់តែបង្ហាញដោយស្ទង់មតិប្រជាពលរដ្ឋ ក្នុងន័យចង់បង្ហាញអំពីផលិតផលដែលមានសក្ដានុពលរបស់ខេត្តតាកែវប៉ុណ្ណោះ។

លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះថា «រូបសំណាកបង្កង និងពងទានេះ យើងបានស្ទង់មតិនៅតាមបណ្ដាញសង្គមដោយប្រជាពលរដ្ឋមួយចំនួនគាំទ្រ និងមួយចំនួនទៀត មិនគាំទ្រ។ ការពិតរូបសំណាកនេះ មិនមែនបង្ហាញនិមិត្ដរូបរបស់ខេត្តនោះទេ ហើយនិមិត្ដរូបខេត្តរបស់យើង គឺ ព្រះនរាយណ៍ ហើយរូបបង្កង ឬពងទានេះ បង្ហាញអំពីសក្ដានុពលរបស់ខេត្តដូចភូមិមួយ ផលិតផលមួយអញ្ចឹង»

បើតាមលោក អ៊ូច ភា, ចំពោះគម្រោងសាងសង់រូបផលិតផលសក្ដានុពលរបស់រដ្ឋបាលខេត្តតាកែវនេះ ត្រូវបានអាក់ខានវិញ ដោយសារតែវិបត្តិជំងឺកូវីដ១៩ ទើបមិនទាន់បានសាងសង់។ ប៉ុន្ដែលោកអភិបាលខេត្តបានអះអាងថា នឹងខិតខំរកទីតាំងសមស្រប ដើម្បីងាយស្រួលដល់អ្នកទេសចរដែលមកកម្សាន្ដ ឬទស្សនាខេត្តតាកែវ នឹកឃើញបង្កង និងពងទាកូនតែម្ដង។

សូមជម្រាបថា ខេត្តតាកែវ ត្រូវបានគេទទួលស្គាល់ថា ជាខេត្តដែលសម្បូរទៅដោយបង្កងទឹកសាប និងពងទាកូន ដែលមានរសជាតិឆ្ងាញ់។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត បាននិងកំពុងជំរុញចលនាចិញ្ចឹមសត្វ ចិញ្ចឹមត្រី ចិញ្ចឹមបង្កងទាំងនៅតាមសហគមន៍ និងនៅតាមស្រះរបស់ប្រជាពលរដ្ឋ និងឡភ្ញាស់ពងទាកូន ឲ្យមានសកម្មភាពយ៉ាងផុលផុសថែមទៀត។

ក្នុងរបាយការណ៍ស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ត ក្នុងមូលដ្ឋានខេត្តតាកែវ ឡភ្ញាស់ពងទាកូនចំនួន៧៦កន្លែង បរិមាណស៊ុតទា (សាប ប្រៃ និងកូន) នាំចេញទៅកាន់ទីផ្សារក្នុងខេត្ត និងក្រៅខេត្តបានចំនួន ៣៤២,០០០ពង/ថ្ងៃ, មានកសិដ្ឋានចិញ្ចឹមបង្កង ចំនួន១០កន្លែង និងបរិមាណផលបង្កងមានក្នុងមួយឆ្នាំ សរុប៦៧តោន រយៈពេល៥ឆ្នាំបរិមាណផលចំនួន ៣៣៥តោន៕