(ស្វាយរៀង)៖ លោក សេង សិលា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ ចូលរួមបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុង ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ»។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង ព្រះសង្ឃ លោក លោកស្រីអភិបាលរងក្រុងកងកម្លាំង មន្ត្រីរាជការ ក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋ និងបុគ្គលិកផ្នែកអនាម័យជាច្រើនរូបទៀត។
ក្នុងឱកាសនោះលោក សេង សិលា បានផ្សព្វផ្សាយនូវខ្លឹមសារ នៃការចូលរួមអបអរសាទរទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» ដើម្បីជំរុញដល់ភាគីពាក់ព័ន្ធ ទាំងអស់ ត្រូវបន្ដសហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានា ដែលត្រូបានដាក់ចេញដោយរាជរាដ្ឋាភិបាល ដើម្បីគាំទ្រចលនាប្រឡងប្រណាំងទីក្រុងស្អាត ដោយធ្វើយ៉ាងណាឲ្យកម្ពុជាក្លា ជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ចីរភាព ភាពស្អាត និងបៃតង និងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ស័ក្ដិសមនឹងកិត្តិនាម «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈផ្ដល់ភាពកក់ក្ដៅ»៕