(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបង្ហាញពីភាពលំបាក ក្នុងការកំណត់អត្ដសញ្ញាណរវាងបង្កងធម្មជាតិ និងបង្កងចិញ្ចឹមខណៈក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ «បង្កងទឹកសាបខេត្តតាកែវ» នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣នេះ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ លោក អ៊ូច ភា បានថ្លែងថា ភាពពិបាកក្នុងការកំណត់អត្ដសញ្ញាណបង្កងនេះ ដោយសារតែបង្កងធម្មជាតិ និងបង្កងចិញ្ចឹម មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មានទេ ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ខុសត្រង់តែបង្កងធម្មជាតិ មានខួរច្រើនជាងបង្កងចិញ្ចឹម ទើបធ្វើឱ្យអ្នកទទួលទាន ចូលចិត្តបង្កងធម្មជាតិជាង។
លោកបន្ថែមថា បច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងសិក្សាលក្ខណៈបច្ចេកទេស ដើម្បីងាយស្រួលក្នុងការកត់សម្គាល់ និងឈានទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ ឱ្យបានឆាប់នាពេលខាងមុខ។
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមីនានេះថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «បង្កងតាកែវ» នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីការរៀបចំមហាសន្និបាតកំណើតដំបូង របស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមនេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅសាលសាលាខេត្តតាកែវ។
លោកបន្តថា បន្ទាប់ពីមហាសន្និបាតសមាគមនេះ ត្រូវបំពេញបែបបទពាក្យស្នើសុំចុះបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ ហើយបន្ទាប់មកត្រូវបំពេញ ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ ចុះបញ្ជីសមាគម និងសៀវភៅលក្ខន្តិកៈសមាគម នៅក្រសួងមហាផ្ទៃ សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងឯកសារតម្រូវផ្សេងៗទៀត។
លោកបានឱ្យដឹងថា បន្ទាប់ពីបង្កងទឹកសាបខេត្តតាកែវ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នឹងផ្តល់នូវអត្ថប្រយោជន៍ ដូចជា ទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ និងលើកកម្ពស់គុណភាពទំនិញ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ទាក់ទាញភ្ញៀវទេសចរផងដែរ។
យោងតាមការការលើកឡើង របស់អភិបាលខេត្តតាកែវ ក្នុងមួយឆ្នាំៗ បង្កងតាកែវ ផ្តល់ទិន្នផលបានប្រមាណ ៦៧តោន។ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ការប្រមូលផលបង្កងតាកែវមានចំនួន ៣៣៥តោន។
លោកអ៊ូច ភា បានឱ្យដឹងផងដែរថា ប្រសិនបើទឹកជំនន់ឡើងរយៈពេលកាន់តែយូរ នឹងធ្វើឱ្យបង្កងកាន់តែសំបូរ។ បច្ចុប្បន្ននេះ នៅខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែង៕