(ភ្នំពេញ)៖ លោក ហេង សំណាង ជាប្រធានក្រុមយុវជនខ្មែរមហានគរ និងលោក ម៉េង ហេង ជាអតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយអេឡិច (ជនជាតិអេស្បាញ) ដែលបច្ចុប្បន្នបានបង្កើតអង្គការមាតាធម្មជាតិនោះ បានចេញវីដេអូប្រតិកម្មទៅនឹងវិទ្យុអាស៊ីសេរី និង The Cambodia Daily រួមទាំងលោក អេឡិច ដែលចុះផ្សាយវាយប្រហារ និងលាបពណ៌លើក្រុមរបស់ពួកគេ ដើម្បីបំបាក់ស្មារតីយុវជនអង្គការសង្គមស៉ីវិលផ្សេងទៀត ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល។

តាមរយៈវីដេអូនេះ លោក ហេង សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះដែលពួកយើងទាំងពីរ រួមទាំងយុវជនអង្គការ សមាគមមួយចំនួនទៀត នឹងផុតកម្មទៅលើពីការចោទប្រកាន់របស់សារព័ត៌មានវិទ្យុអាស៉ីសេរី និង The Cambodia Daily ដែលពួកគាត់តែងតែព្យាយាមធ្វើយ៉ាងណា គឺផ្សព្វផ្សាយប្រឌិតការចូលរួមរបស់យុវជនសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាល ដើម្បីជាការផ្ញើសារឱ្យមហាជនដទៃទៀត កុំឱ្យចូលរួមជាមួយនឹងពួកយើង»

លោក ហេង សំណាង បានបញ្ជាក់យ៉ាងច្បាស់អ្វីដែលក្រុមយុវជន អង្គការសង្គមស៉ីវិលមកចូលរួមជាមួយរាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវបំផុត ពីព្រោះវាជាឱកាសថ្មី ចរន្តថ្មី ឈាមថ្មី ដើម្បីមានឱកាសរួមចំណែកកសាងសមិទ្ធផលសម្រាប់សង្គមជាតិ ក៏ដូចជាវិស័យបរិស្ថាន វិស័យសិទ្ធិមនុស្ស ឱ្យរីកចម្រើន។

ប្រធានយុវជនខ្មែរមហានគររូបនេះ បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា គាត់បានផ្តល់ឱកាសច្រើនណាស់ សម្រាប់ពួកយើងជាក្រុមយុវជនសង្គមស៉ីវិល»

ចំណែក លោក ម៉េង ហេង បានចេញមកបញ្ជាក់ដូចគ្នាយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្ការថា ទាក់ទងនឹងការចោទប្រកាន់របស់វិទ្យុអាស៉ីសេរី រួមទាំងលោក អេឡិច ដែលចោទប្រកាន់មកលើរូបខ្ញុំថា ការចូលរួមជាមួយគោលនយោបាយរាជរដ្ឋាភិបាល ជាករណីទិញដូរ ឬករណីញុះញង់នេះជារឿងប្រឌិត និងជារឿងដែលបំបាក់ស្មារតីយុវជនផ្សេងៗទៀត ដែលកំពុងមានគោលបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាល»

លោកបានបន្ថែមថា​ ការផ្សាយព័ត៌មានរបស់វិទ្យុអាស៉ីសេរី រួមទាំងលោកអេឡិច កំពុងតែព្យាយាមញុះញង់ កំពុងតែព្យាយាមបង្កើតជាចលនាធ្វើបដិវត្តន៍ពណ៌ ផ្តួលរលំរាជរដ្ឋាភិបាល។

«ខ្ញុំបាទពិតជាមានការសោកស្តាយ នេះជាការបំបាក់ស្មារតី យុវជនផ្សេងៗទៀត ដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ការផ្សាយព័ត៌មាននេះគឺជាផ្គាប់ចិត្តដល់ជំនួយបរទេសដែលបានជួយដល់វិទ្យុអាស៉ីសេរី និងលោកអេឡិច»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ លោក ម៉េង ហេង៕