(រតនគិរី)៖ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីរថយចុះ និងតម្លៃថោកជាងឆ្នាំ២០២២ ក្នុងពេលប្រមូលផលនៅដើមរដូវ ស្រាប់តែមានជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់ប្រជាកសិករ អ្នកដាំចន្ទីរ ក៏ជ្រើសរើសគ្រាប់ស្វាយចន្ទីរត្រាំក្នុងអាងទឹក មានគ្រាប់ខ្លះលិច, គ្រាប់ខ្លះអណ្តែត យកទៅលក់បន្តឲ្យអ្នកប្រមូលទិញតូចតាចចំណេញក្បាលកាក់។

ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តរតនគិរី អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញ បានចុះត្រួតពិនិត្យឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរមួយកន្លែង ស្ថិតក្នុងភូមិ៣។

លោក ទុន ពៅ ចៅសង្កាត់កាចាញ បានប្រាប់ថា ម្ចាស់ឃ្លាំងមានឈ្មោះ លីលី ហើយការចុះត្រួតពិនិត្យខាងលើនេះ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនខិលខូចដឹកគ្រាប់ស្វាយចន្ទីរខូចគុណភាពទៅលក់នៅទីនោះ។

លោកបន្តថា ក្រុមការងារចុះត្រួតពិនិត្យនៅថ្ងៃនេះ មិនបានជួបថៅកែឃ្លាំងទេ ជួបអ្នកមើលការខុសត្រូវ ប៉ុន្តែជាសារមួយឲ្យក្រុមឈ្មួញរកស៊ីត្រឹមត្រូវរក្សាគុណភាពគ្រាប់ស្វាយចន្ទីរនៅទូទាំងខេត្តរតនគិរី ដឹកទៅលក់ក្រៅប្រទេសដោយរលូន។ ម្យ៉ាងទៀតដើម្បីចូលរួមចំណែកឲ្យគ្រាប់ចន្ទីរមានតម្លៃល្អ នៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។

លោកបន្តថា បើសិនគ្រាប់ចន្ទីរគ្មានគុណភាពក្រុមឈ្មួញទិញថោក នោះផលប៉ះពាល់ខ្លាំង គឺប្រជាកសិករអ្នកដាំស្វាយចន្ទីរ។ ចំណែកឯអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទីរ ក្នុងក្រុងបានលុងនៅព្រឹកថ្ងៃនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទិញចូលមានតម្លៃ១គីឡូក្រាម ៤,៣៥០រៀល និងគ្រាប់ស្វាយចន្ទីរពូជ ក្នុងគីឡូក្រាម៥,២០០រៀល។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា កន្លងទៅថ្មីៗប្រាប់ឲ្យដឹងថា នៅខេត្តរតនគិរីមានផ្ទៃដីសរុបដាំចន្ទីរ ៦១,៥៤៨ហិកតា និងផ្ទៃដីប្រមូលផល ៥១,៦៤២ហិកតា៕