(ភ្នំពេញ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣នេះ តាមរយៈសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» បានអះអាងថា ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានខេត្តតាកែវ ត្រូវបានធានាយ៉ាងល្អប្រសើរ មិនដូចអ្វីដែលជាការចែកចាយនៅតាមបណ្ដាញសង្គម Facebook។

ការបញ្ជាក់របស់លោកអភិបាលខេត្ត ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ នៅតាមបណ្ដាញសង្គម បានចែកចាយនូវព័ត៌មានមួយចំនួនដែលមានចេតនាបន្ដុះបង្អាប់ខេត្តតាកែវ ពិសេសពាក់ព័ន្ធជាមួយបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ ដែលបង្កឡើងដោយក្មេងទំនើង។ ការចែកចាយរូបភាព ឬវីដេអូផ្សេងៗ ពាក់ព័ន្ធខេត្តតាកែវកន្លងមកនេះ ពេលខ្លះបានឈានដល់នាំឲ្យមានការរើសអើងថែមទៀតផង។

លោក អ៊ូច ភា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គ្រប់គ្រងលើកងកម្លាំងទាំងបីចំណុះឲ្យរដ្ឋបាលខេត្ដ បានសង្កត់ធ្ងន់ថា រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងទាំងអំពើហិង្សា ចោរលួច ឆក់ និងសកម្មភាព អនាធិបតេយ្យដែលបង្កឡើងដោយក្មេងទំនើងកន្លងមកនេះ គឺកម្លាំងសមត្ថកិច្ចជំនាញតែងធ្វើការបង្ក្រាបបានជាបន្ដបន្ទាប់ ផ្ទុយពីអ្វីដែលបានចែកចាយ។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «កន្លងមកនេះមានបញ្ហាខ្លះពាក់ព័ន្ធការងារសន្ដិសុខ ដែលប្រជាពលរដ្ឋមួយចំនួនតូចបានយកបណ្ដាញសង្គមធ្វើការរិះគន់ អំពីការងារសន្ដិសុខនេះ។ យើងទទួលស្គាល់ការពិតថា ពិតជាមានការកើតឡើងនូវបញ្ហាខ្លះ ប៉ុន្ដែពិនិត្យជារួមមិនដូចអ្វីដែលបានលេងសើចក្នុងបណ្ដាញសង្គមទេ [...] បច្ចុប្បន្ននេះស្ថានភាពជារួមមិនដូចអ្វីដែលបងប្អូនលើកឡើងនោះទេ»

លោកបានបន្ដទៀតថា ពាក់ព័ន្ធបញ្ហាសន្ដិសុខនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងយកចិត្ដទុកដាក់គ្រប់គ្រងសភាពការណ៍ និងតាមប្រមាញ់គ្រប់មុខសញ្ញាដែលមានការពាក់ព័ន្ធ មិនថាតែមុខសញ្ញាជួញដូរគ្រឿងញៀន ឬលួចឆក់ប្លន់នោះទេ។ លោកទទួលស្គាល់ថា ករណីថ្មីៗនេះកើតមានឡើង ជាអំពើឃាតកម្មដែលបង្កដោយក្រុមយុវជននោះ ពិតជាមានការចាប់អារម្មណ៍ពីសាធារណជន ប៉ុន្ដែជនដៃដល់ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ផងដែរ។

បើតាមលោក អ៊ូច ភា សកម្មភាពចែកចាយតាមបណ្ដាញសង្គមមួយចំនួន គឺគ្រាន់តែចង់បាននូវចំណាប់អារម្មណ៍ពីមហាជនតែប៉ុណ្ណោះ ខណៈរឿងមួយចំនួនត្រូវបានដោះស្រាយបញ្ហាជាយូរណាស់មកហើយ ក៏ត្រូវបានគេទាញមកភ្ជាប់ជាមួយសាច់រឿងដែលទើបកើតឡើងផងដែរ។ លោកចាត់ទុកថា នេះជាទង្វើមិនសមរម្យនោះទេ ដោយគ្រាន់តែចង់បានការចំណេញខ្លួនឯង បង្កើតសាច់រឿងនាំឲ្យមានការយល់ច្រឡំ។

បន្ថែមពីនេះ លោកអភិបាលខេត្ដ ក៏អំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋផងដែរ ក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខេត្តតាកែវ។ លោកបញ្ជាក់ថា ការងារអនុវត្តនូវគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទាមទារឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចូលរួម តាមរយៈការអប់រំកូនចៅ ទប់ស្កាត់រាល់សកម្មភាពអសកម្មទាំងឡាយ ដែលសង្គមស្អប់ខ្ពើម។

សូមជម្រាបថា លទ្ធផលការប្រឡងប្រណាំងភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ខេត្តតាកែវ ឆ្នាំ២០២២ ចំណាត់ថ្នាក់លេខ១ មានចំនួន៦៤ឃុំ សង្កាត់, លេខ២ មានចំនួន៣៦ឃុំ សង្កាត់ ធៀបនឹងឆ្នាំ២០១៨ ចំណាត់ថ្នាក់លេខ១ មានចំនួន៤៣ឃុំ សង្កាត់, លេខ២ មានចំនួន៥៦ឃុំ សង្កាត់ និងលេខ៣ មានចំនួន០១ឃុំ សង្កាត់៕