(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអភិបាលរងរាជធានីភ្នំពេញ បានចូលរួមក្នុងវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន៣០០នាក់ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដើម្បីស្ដាប់នូវសំណូមពរ និងដំណោះស្រាយបញ្ហានានា ក្នុងមូលដ្ឋាន នៅក្នុងវត្តឥន្ទពិសី។
វេទិកាសាធារណៈ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្នុងនាម លោក ឃ្លាំង ហួត តំណាងឲ្យលោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរមួយចំនួន រួមមាន៖ បញ្ហាដីធ្លី, បញ្ហាសន្តិសុខ, បញ្ហាទឹក-ភ្លើង, បញ្ហាចរាចរណ៍, បញ្ហាសត្វចញ្ចឹម, បញ្ហាបើកថវិកាឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន ជូនក្រុមគ្រួសារជនរងគ្រោះ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
លោក ឃ្លាំង ហួត បានដោះស្រាយ និងបកស្រាយបំភ្លឺ ជូនប្រជាពលរដ្ឋបានមួយចំនួន និងបានចាត់តាំងឲ្យអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌបន្តដោះស្រាយចំពោះករណីណា ដែលអាចដោះស្រាយបាន ករណីណា ធ្វើមិនបានត្រូវធ្វើរបាយការណ៍ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយរកដំណោះស្រាយ ជូនប្រជាពលរដ្ឋ៕