(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សា ក្រុមការងារ របស់ធនាគារពិភពលោក (WB) ដែលដឹកនាំដោយលោក Sebastian Eckardt មន្រ្តីជាន់ខ្ពស់ WB ទទួលបន្ទុក កិច្ចការម៉ាក្រូសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង លោកស្រី Maryam Salim នាយិកាគ្រប់គ្រង WB ប្រចាំកម្ពុជា។ ជំនួបពិភាក្សានេះ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរមតិយទៅលើ ស្ថានភាព និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច ទាំងក្នុងកម្រិតសកល, តំបន់ និងកម្ពុជា ។
តាមការព្យាករ របស់ក្រុមការងារ WB គឺកំណើនសេដ្ឋកិច្ចសកល នឹងថមថយពីអត្រា ២,៩% ក្នុងឆ្នាំ ២០២២ មកប្រមាណ ១,៧% ក្នុងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងមួយផ្នែកធំ ដោយការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ សំដៅឆ្លើយតបទៅ នឹងការកើនឡើង នៃអតិផរណា ពិសេសនៅតាមបណ្ដា ប្រទេសអភិវឌ្ឍន៍ និង ផលប៉ះពាល់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន មកលើការផ្គត់ផ្គង់ និង ថ្លៃថាមពល ។
ទន្ទឹមនេះ កំណើនទំហំពាណិជ្ជកម្ម សកលត្រូវ បានព្យាករថា នឹងដើរស្របទៅនឹងនិន្នាការ សេដ្ឋកិច្ចសកល ដោយថមថយមកត្រឹម ២,៥% ក្នុងឆ្នាំ ២០២៣ ធៀបនឹង ៤,៣% ក្នុងឆ្នាំ២០២២ ។ ក៏ប៉ុន្តែការដំឡើង អត្រាការប្រាក់ ដែលមានលក្ខណៈទន់ភ្លន់ជាងឆ្នាំមុន របស់ធនាគារកណ្ដាលអាមេរិក ព្រមទាំងការបើកប្រទេស យ៉ាងលឿន និងពេញលេញ របស់ប្រទេសចិននាពេលថ្មីៗ អាចនឹងផ្ដល់ជាបច្ច័យវិជ្ជមានមួយចំនួន មកលើសេដ្ឋកិច្ចសកល, តំបន់ រួមទាំងកម្ពុជា ពិសេសវិស័យទេចរណ៍ សម្រាប់ឆ្នាំ២០២៣ នេះ និងបណ្តាឆ្នាំខាងមុខ។
លោករដ្ឋមន្រ្តីប្រតិភូ វង្សី វិស្សុត បានធ្វើការផ្លាស់ប្តូរមតិយោបល់ និងការវាយតម្លៃមួយចំនួន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះស្ថានភាព និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចតំបន់ និងសកលលោក ជាមួយក្រុមការងាររបស់ WB ដោយក្នុងនោះ លោកក៏បានធ្វើការកត់សម្គាល់ផងដែរ អំពីបរិកាណ៍ នៃអត្រាកំណើន នៃការនាំចេញ ដែលមានកម្រិតទាបជាងកំណើន សេដ្ឋកិច្ច ដែលជានិន្នាការមួយ ខុសពីរយៈកាលកន្លងទៅ ដែលអត្រាកំណើន នៃការនាំចេញតែងមានកម្រិតខ្ពស់ កំណើនសេដ្ឋកិច្ច។ ប្រការនេះ អាចជាសញ្ញាមួយគួរឲ្យបារម្ភ ពីភាពស្រួចស្រាវ នៃការធ្លាក់ ចុះសេដ្ឋកិច្ចសកល ហើយអាចប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច, ការងារ និងប្រាក់ចំណូល របស់ប្រជាជន ជាពិសេសចំពោះបណ្តាប្រទេស ដែលមានការបើកចំហរខ្លំាង និងពឹងផ្អែកជាចម្បង លើការនាំចេញ ដូចជាប្រទេសកម្ពុជាដើម ។
លោក វង្សី វិស្សុត បានបន្តលើកឡើងថា ទោះបីយ៉ាងនេះក្តី ក៏កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ ត្រូវបានព្យាករថា អាចនឹងសម្រេចបាន ក្នុងអត្រាខ្ពស់ជាងរំពឹងទុក កាលពីពេលកន្លងទៅ ក្នុងអត្រា ៥,៦% ហើយការព្យាករណ៍នេះ ក៏មានកម្រិតប្រហាក់ប្រហែល ទៅនឹងការវាយតម្លៃចុងក្រោយ ដោយដៃគូ អភិវឌ្ឍន៍នានា កាលពីពេលថ្មីៗនេះផងដែរ។ កំណើននេះ ដោយសារការនាំចេញផលិតផល កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្មត្រូវ បានរំពឹងថា នឹងបន្តមានកំណើនល្អ ដែលឆ្លុះបញ្ចាំងពីសក្តានុពលខ្ពស់ ជាពិសេសតម្រូវការពីទីផ្សារចិនដែលទើបតែបានបើកប្រទេសឡើងវិញ ដែលអាចប៉ះប៉ូវការ នាំចេញផលិតផលកាត់ដេរ ដែលមាននិន្នាការថមថយ។
ទន្ទឹមនេះ, វិស័យទេសចរណ៍ និងវិស័យគាំទ្រផ្សេងទៀតរំពឹងថា បន្តងើបឡើងក្នុងល្បឿនលឿនជាងការគ្រោងទុក ដោយសារការបើកប្រទេសឡើងវិញនៅតាមបណ្ដាប្រទេសទូទាំងសកលលោក ពិសេសប្រទេសចិន, ការសម្រេចបាននូវភាពស៊ាំសហគមន៍ដ៏រឹងមាំរបស់កម្ពុជា និងការរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមជាដើម ។ ក៏ប៉ុន្តែ វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានព្យាករថា មានបញ្ហាប្រឈម និងកំណើនយឺត ដោយសារការងើបឡើងវិញយឺត នៃការវិនិយោគ ក៏ដូចជាអតុល្យភាព រវាងការផ្គត់ផ្គង់និង តម្រូវការ ខណៈដែលវិស័យនេះនៅបន្តទ្រទ្រង់ ដោយសកម្មភាពសំណង់លំនៅឋានថ្លៃទាប និងសំណង់បម្រើឲ្យវិស័យឧស្សាហកម្មក្នុងស្រុក។ លោកបានបន្តថា យើងបានគ្រប់គ្រងបំណុល សាធារណៈឲ្យបន្តស្ថិតក្នុងកម្រិតមួយល្អប្រសើរ ទោះបីកម្រិតនៃបំណុលឯកជនជាបញ្ហាកង្វល់ ដែលគួរត្រូវយកចិត្តទុក ដាក់បន្ថែមក្តី។
លោក វង្សី វិស្សុត បានបន្តលើកឡើងផងដែរថា ជាទស្សនវិស័យ សម្រាប់រយៈពេលមធ្យម និងវែងខាងមុខ កម្ពុជាមានភាពចាំបាច់ ក្នុងការទាក់ទាញនូវការវិនិយោគ ប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមានប្រាក់ឈ្នូលសមរម្យ ស្តងដារការងារល្អ មានតម្លៃបន្ថែមខ្ពស់ និងជំរុញការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច ក៏ដូចជាការវិនិយោគបៃតងជាដើម។ ពិតណាស់កន្លងមក យើងបានធ្វើកិច្ចការនេះ ជាច្រើនរួចមកហើយ ដូចជាការអនុវត្តច្បាប់ វិនិយោគថ្មីជាដើម។
ទន្ទឹមនេះ ការដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់ ដោយអង្គការឃ្លាំមើល ការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ក៏នឹងជួយទាក់ទាញការវិនិយោគពីក្រៅប្រទេសបន្ថែមទៀតផងដែរ។ ក៏ប៉ុន្តែយើង នៅមានលំហរច្រើននៅឡើយ ដើម្បីជំរុញការអនុវត្តសកម្មភាព ឲ្យបានល្អជាងនេះ និងច្រើនជាងនេះទៀត ដើម្បីអាចទាក់ទាញ ការវិនិយោគពីក្រៅ ដែលមានគុណភាពឲ្យបានច្រើន ពិសេសនៅក្នុងការបរិការណ៍ការផ្លាស់ប្តូទីតាំង និយោគក្នុងតំបន់។
លោកថា កម្ពុជាមានភាពចាំបាច់ណាស់ ក្នុងការចាប់យកឱកាសនេះ ឲ្យបានជាអតិបរមា ក្នុងគោលដៅដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លាផង និងដើម្បីទប់ទល់នឹងនិន្នការ នៃការថមថយសេដ្ឋកិច្ចសកលផង ក៏ដូចជាដើម្បីពង្រឹង និងធ្វើពិពិធកម្មមូលដ្ឋានគ្រឹះសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ទ្រទ្រង់កំណើនរយៈពេលវែង ប្រកបដោយចីរភាពផងដែរ ។
តាមរយៈកិច្ច ពិភាក្សានេះ លោក វង្សី វិស្សុត បានស្នើភាគី WB ជួយធ្វើសិក្សាឱ្យកាន់តែស៊ីជម្រៅ អំពីការទាក់ទាញ វិនិយោគពីក្រៅប្រទេស ដោយផ្តោត លើបញ្ហា ប្រឈមនានា ពិសេសកត្តាដែលធ្វើឱ្យរាំងស្ទះ (bottlenecks) ដល់ការទាក់ទាញ ការវិនិយោគ ដើម្បីដាក់ចេញគោនយោបាយ និងធ្វើសកម្មភាព កែលម្អ ដើម្បីផ្តល់ទំនុកចិត្ត ដល់វិនិយោគិនបរទេស (convincing remedy actions)។ លោកក៏បានស្នើ WB ជួយធ្វើការសិក្សាបន្ថែម អំពីការប្រែប្រួល រចនាសម្ព័ន្ធ វិនិយោគ និងហិរញ្ញប្បទាន នៅក្នុងតំបន់ និងសកល ដោយផ្អែកលើការផ្លាស់ប្តូរ ចរន្តពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក ក៏ដូចជាភូមិសាស្រ្តនយោបាយ៕