(ភ្នំពេញ)៖ តំណាងយុវជនអង្គការសង្គមស៊ីវិលចំនួន១៨ស្ថាប័ន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវដល់យុវជនអង្គការសមាគមផ្សេងទៀត កុំជឿលើការបំភ្លៃរបស់ វិទ្យុអាស៊ីសេរី (RFA), The Cambodia Daily និងអ្នកនយោបាយក្រៅប្រទេស ក្នុងចេតនារារាំងយុវជនមិនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល។
ក្រុមយុវជន បានសង្កេតឃើញថា មួយរយៈចុងក្រោយនេះបន្ទាប់ពីមានចរន្តយុវជន អង្គការ សមាគមជាច្រើន ដែលធ្លាប់ប្រឆាំងរដ្ឋាភិបាល បានងាកមកធ្វើការជាមួយរដ្ឋាភិបាលវិញ ត្រូវបានវិទ្យុអាស៊ីសេរី វាយប្រហារម្តងហើយម្តងទៀត ក្រោមរូបភាពយកអ្នកវិភាគនយោបាយមកបាំងមុខ។
ក្រុមយុវជនបានសង្កេតឃើញនូវពាក្យវាយប្រហារមកលើយុវជនសង្គមស៊ីវិលយ៉ាងអយុត្ថិធម៌ ដូចជា «ការទិញលក់ដូរ ការយកយុវជនជល់នឹងយុវជន ការធ្វើរឿងពិតទៅប្រឌិត ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា បង្កើតឡើងដើម្បីវាយប្រហារស្ថាប័នចាស់ ការប្រើយុវជនក្នុងរយៈពេលខ្លីជាដើម។ល។» ការប្រើពាក្យញុះញង់ ចោទប្រកាន់ដោយគ្មានទឡ្ហីករទាំងនេះ គឺធ្វើក្នុងគោលបំណងមិនល្អ ដើម្បីឃោសនាមិនឲ្យយុវជន អង្គការ សមាគមដទៃផ្សេងទៀត ខ្លាចញញើតក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាល និងការចូលរួមអភិវឌ្ឍសង្គមជាតិ។
«យើងខ្ញុំទាំងអស់គ្នាបានចូលរួមជាមួយរដ្ឋាភិបាល គឺដើម្បីផ្លាស់ប្តូរនូវបរិបទថ្មីចរន្តថ្មី ដើម្បីមានឱកាសចូលរួមការពារសន្តិភាព បរិស្ថាន ព្រំដែន និងការអភិវឌ្ឍនានា។ ដោយហេតុថា ក្រុមយុវជន អង្គការ សមាគម យើងមិនបន្តនយោបាយប្រឆាំងរដ្ឋាភិបាល ឈប់ចាញ់កលការឃោសនាអ្នកនយោបាយជ្រុលនិយម ជាពិសេស សារព័ត៌មានមួយចំនួនដូចជា វិទ្យុអាស៊ីសេរី , The Cambodia Daily ជាដើម»។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងលិខិតអំពាវនាវ។
ក្រុមយុវជនបានបន្តទៀតថា៖ «ការខ្លាចបាត់បង់ជំនួយបរទេសរបស់សារព័ត៌មាន និងអ្នកនយោបាយជ្រុលនិយមដែលប្រឆាំង ទើបពួកគេបារម្ភខ្លាចមានចលនាយុវជនជាច្រើនផ្សេងទៀត ចូលរួមជាមួយក្រុមយុវជនយើង។ ទើប វិទ្យអាស៊ីសេរី និងលោក អេឡិច ភិតភ័យខិតខំធ្វើការឃោសនាជាហូរហែលគ្រប់រូបភាព ដើម្បីជាសារនយោបាយបំភិតបំភ័យដល់យុវជនសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងផ្សេងទៀត មិនឲ្យចូលរួមជាមួយ យុវជន អង្គការ សង្គមស៊ីវិល ដែលមាននិន្នាការជាមួយរាជរដ្ឋាភិបាល»។
យុវជនអង្គការសង្គមស៊ីវិល១៨ស្ថាប័ន បានអះអាងថា ខ្លួនឈប់ចាញ់កលនយោបាយឃោសនា របស់វិទ្យុអាស៊ីសេរី , The Cambodia Daily លោកអេឡិច និងអ្នកនយោបាយដទៃទៀត ដែលយកប្រទេសកម្ពុជា ជាមូលដ្ឋាននយោបាយ ដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយជាតិ និងអន្តរជាតិតទៅទៀតហើយ។
ដូច្នេះក្រុមយុវជនសង្គមស៊ីវិល សូមអំពាវនាវដល់យុវជន អង្គការ សមាគមផ្សេងទៀត មេត្តាកុំជឿការឃោសនាដដែលៗ សូមភ្ញាក់រលឹកឡើងយើងគឺជាម្ចាស់ប្រទេស គួរធ្វើការងារដើម្បីប្រយោជន៍ប្រទេសជាតិ សន្តិភាព និងការអភិវឌ្ឍជាតិ ចៀសវាងចាញ់ការឃោសនាប្រឆាំងដោយខុសច្បាប់ និងគ្មានហេតុផល ធ្វើឲ្យរងគ្រោះដល់ខ្លួនឯង ដល់គ្រួសារ និងការខាត់បងទ្រព្យសម្បត្តិជាដើម។ សូមបងប្អូនប្រជាជនខ្មែរ អង្គការ យុវជនសង្គមស៊ីវិល មេត្តាចូលរួមជាមួយ យុវជនសង្គមស៊ីវិល និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុ បរិស្ថាន សន្តិភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព៕