មានជនអនាមិក ដើរបាចខិតប័ណ្ណនៅតាមផ្លូវ ស្តីពីការប្រព្រឹត្តអំពើពុករលួយរបស់លោក គង់ លី អភិបាលស្រុកថ្មគោល
02-07-2016 15:20
(បាត់ដំបង)៖ មានខិតប័ណ្ណជាច្រើនសន្លឹក ត្រូវបានជនអនាមិក យកទៅបាចចែកចាយ នៅតាមដងផ្លូវសាធារណៈ ស្ថិតនៅចំណុចម្តុំដើមពោធិនាគបាញ់ទឹក នាក្រុងបាត់ដំបង នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ដែលមានខ្លឹមសារទាំងស្រុងស្តីពីភាពមិនប្រក្រតីមួយចំនួន និងការប្រព្រឹត្តអំពើពុករលួយ របស់អភិបាលថ្មគោល គឺលោក គង់ លី។
យោងតាមខ្លឹមសារខិតប័ណ្ណ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានលើកឡើង ពីបៀបដឹកនាំ មានលក្ខណៈផ្តាច់ការ និងបក្ខពួកនិយម ព្រមទាំងមានរឿងមិនប្រក្រតីជាច្រើនទៀតផ្សេងទៀតផងដែរ។
ជនអនាមិក បានបន្តទៀតថា «ភាពមិនប្រក្រតីរបស់លោក គង់ លី បានកើតឡើងហើយ ជាក់ស្តែងមានផ្ទៃក្នុងបានទម្លាយរាយការណ៍មកថា ចុងក្រោយនេះ លោកអភិបាលស្រុកថ្មគោល បានយកថវិកាស្រុកមួយចំនួន ទៅចាយវាយខុសខ្ទង់ ដោយមិនមានការពិគ្រោះ និងឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកឡើយ»។
យ៉ាងណាក៏ដោយ ជាមួយខ្លឹមសារវាយប្រហារទៅលើលោក គង់ លី ខាងលើនេះ អង្គភាព Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីអភិបាលរូបនេះ នៅឡើយទេ៕