Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលតៃវ៉ាន់៖ កងទ័ពពិតជាបានច្រឡំបាញ់មីស៊ីលមួយគ្រាប់ សំដៅទៅទឹកដីចិនប្រាកដមែន ចំថ្ងៃបុណ្យខួប៩៥ឆ្នាំនៃបក្សកាន់អំណាចចិន

02-07-2016 14:50

(តៃប៉ិ)៖ វាពិបាកនឹងធ្វើការដោះសារណាស់ទៅកាន់ក្រុងប៉េកាំង បើទោះបីជាកោះតៃវ៉ាន់ព្យាយាមបក ស្រាយថា ការបាញ់មីស៊ីលច្រឡំកាលពីថ្ងៃម្សិលមិញ គឺជារឿងអចេតនា ដែលបានបណ្តាលឲ្យអ្នក នេសាទខ្លួនឯងម្នាក់បាត់បង់ជីវិត និង បីនាក់ផ្សេងទៀតរងរបួសក៏ដោយ។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នារសៀលថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។

តាមពិតទៅកាលពីល្ងាចថ្ងៃសុក្រ ម្សិលមិញនេះនៅឯមូលដ្ឋានកងទ័ពជើងទឹកកោះតៃវ៉ាន់ បានធ្វើការ រៀបចំលំហាត់ហ្វឹកហ្វឺន ប៉ុន្តែក៏បានកើតមានការបាញ់គ្រាប់មីស៊ីលមួយគ្រាប់ ដែលក្រោយពីហោះបាន រយៈចម្ងាយ ៧៥គីឡូម៉ែត្រ វាបានបុកទូកនេសាទមួយគ្រឿងនៅក្បែរកោះ Penghu របស់កោះតៃវ៉ាន់ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងបីនាក់របួស សុទ្ធសឹងជាជនជាតិចិនតៃវ៉ាន់ ប៉ុន្តែមុខ ព្រួញនៃការបាញ់នោះគឺសំដៅទៅចិនដីគោក ហើយចំថ្ងៃដែលមហាយក្សនៅអាស៊ីនេះ បានកំពុងតែប្រារព្ធខួបកំណើត ៩៥ឆ្នាំនៃបក្សកុម្មុយនិស្តយ៉ាងអធិកធ័មថែមទៀត។

គួរបញ្ជាក់ថា បើតាមច្បាប់គឺប្រទេសចិនតែងតែទុកកោះតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែកោះតៃវ៉ាន់ នៅតែចិញ្ចឹមចិត្តចង់បានឯករាជ្យជានិច្ច។ ងាកមកបញ្ហាមីស៊ីលវិញ គឺក្រសួងការពារ កោះតៃវ៉ាន់ បានថ្លែងថាគ្រាប់ដែលត្រូវបានបាញ់នោះ មានសមត្ថភាពអាចហោះបានរយៈចម្ងាយតែ ជាង១០០គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែសម្រាប់តួនាទីរបស់វានោះ មិនត្រូវបានក្រសួងបញ្ជាក់នោះទេ។

យ៉ាងណាក៏ដោយប្រធានធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានអះអាងថាលោកស្រី នឹងធ្វើការ ស៊ើបអង្កេតលើរឿងនេះ ដោយមិនចាំបាច់មានការបង្គាប់បញ្ជា ឬ ពាក្យតិចទៀនពីចិនដីគោកនោះទេ៕