(បង់ក្លាដែស)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី០២ ខែកក្កដានេះឲ្យដឹងថា មានក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារ និងវាយបំបែកកញ្ចក់ហាងកាហ្វេពេញនិយម នៅក្នុងតំបន់ការទូត រដ្ឋធានីដាកា (Dhaka) នៃប្រទេសបង់ក្លាដែស។ ករណីនោះក៏មានការចាប់យកចំណាប់ខ្មាំងផងដែរ នេះបើមន្រ្តីបាននិយាយឲ្យដឹងយ៉ាងដូច្នេះ។
ក្រោយពីកើតមានករណីវាយប្រហារនេះ កងកម្លាំងប៉ូលិសបង់ក្លាដែសរាប់រយនាក់ បានធ្វើការឡោមព័ទ្ធ និងសម្រុកចូលហាងកាហ្វេ មួយ ក្នុងរដ្ឋធានីដាកា ដើម្បីរំដោះចំណាប់ខ្មាំង ដែលត្រូវខ្មាន់កាំភ្លើងចាប់ជម្រិតចំនួន២០នាក់។
ប៉ូលិសបានអះអាងថា មនុស្សដែលនៅក្នុងហាងកាហ្វេទាំងនោះ មានជនជាតិអ៊ីតាលី ហើយអ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន បានប្រកាសពីទីក្រុងតូក្យូមកថា ក៏មានជនជាតិខ្លួនស្ថិតនៅក្នុង ចំណោមជនរងគ្រោះដែលត្រូវគេចាប់ជម្រិតនោះដែរ។
ក្រោយពីមានការវាយប្រហារតបតគ្នា ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវ និងអះអាងថាពួកគេជាអ្នករៀបចំឲ្យមានការ វាយប្រហារនេះឡើយ។ ប៉ូលិលបានបញ្ជាក់បន្ថែមទៀតថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែលជា ៨នាក់ ហើយក្នុងនោះប្រហែលជាមាន ៥នាក់ត្រូវបានបាញ់សម្លាប់។
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្ត្រី Sheikh Hasina បានថ្លែងឲ្យដឹងថា មានចំណាប់ខ្មាំងមួយចំនួន ត្រូវបានសម្លាប់ និងភេរវករម្នាក់ត្រូវបានចាប់ទាំងរស់ ហើយប្រតិបត្តិការឡោមព័ន្ធ និងរំដោះចំណាប់ខ្មាំងចេញពីភោជនីយដ្ឋានមួយក្នុងទីក្រុងដាកា ក៏ត្រូវបានបញ្ចប់។ នេះបើយោងតាមការចេញផ្សាយ Update នៅមុននេះបន្តិច នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦៕
នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina