(ភ្នំពេញ)៖ សុខទុក្ខប្រជាពលរដ្ឋ ជាក្តីកង្វល់របស់ថ្នាក់ដឹកនាំ ហើយទាមទារឲ្យយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីដោះស្រាយនូវការលំបាកនានា។ នេះជាការលើកឡើងរបស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ក្នុងពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ និងក្មេងៗ នៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣នេះ។

នៅចំពោះមុខលោកយាយ លោកតា និងក្មេងៗ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ឋរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋ លោកយាយ លោកតាផងដែរថា រូបលោក និងមន្ត្រីខណ្ឌ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។

ជាមួយគ្នានោះ លោក ធឹម សំអាន ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព។

ក្នុងឱកាសនោះ លោក ធឹម សំអាន បាននាំទៅជាមួយនូវមី នំ ចែកជូនដល់ក្មួយៗសិក្សានុសិស្សា និងប្រជាពលរដ្ឋ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕