(ភ្នំពេញ)៖ ក្រុមយុវជនឆ្នើមដែលបានទទួលជ័យលាភីលើការប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ៖ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា» បានស្នើសុំឱ្យរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បន្ថែមលើការលុបបំបាត់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ដោយសារផលិតផលទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងការប្រកួតវោហារស័ព្ទខាងលើ ដែលបានធ្វើឡើងនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម ក្រោយអធិបតីភាពលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាក្រុមយុវជនឆ្នើមបានឱ្យដឹងទៀតថា ប្រសិនបើកុមារ និងយុវជនលង់ខ្លួនប្រើប្រាស់ផលិតផលទាំងនេះ នោះពួកគេនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងអនាគត រីឯសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមក៏ធ្លាក់ចុះផងដែរ។

ក្រុមយុវជនដែលចូលរួមប្រកួតនេះ ក៏បានលើកឡើងផងដែរអំពីករណីសិក្សាជាក់ស្ដែងនៃគ្រោះថ្នាក់ ផលវិបាកដែលជនរងគ្រោះបានទទួលដោយសារការលង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។ ទន្ទឹមគ្នានេះបេក្ខជនក៏បានលើកឡើងពីបញ្ហាប្រឈមដែលធ្វើឱ្យកម្ពុជាមិនទាន់អាចលុបបំបាត់បារីអេឡិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមនៅមានកម្រិត និងការបន្តឱ្យមានការហូរចូលនូវផលិតផលខុសច្បាប់ទាំងនេះ ក៏ដូចជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។

ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ ក្រុមយុវជនឆ្នើមក៏បានធ្វើការស្នើសុំឱ្យមាន ការពង្រឹងអំណាចលិខិតគតិយុត្តដែលមានស្រាប់ដូចជាការដាក់ឱ្យមានទោសទណ្ឌជាដើម ចាត់វិធានលុបបំបាត់ការលើការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកលើបណ្ដាញទំនាក់ទំនងសង្គម បន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់ និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី និងស្នើសុំឱ្យមានការអប់រំផ្សព្វផ្សាយអំពីលិខិតគតិយុត្ត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ និងយុវជនផងដែរ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្ករគ្រោះថ្នាក់ជាច្រើន ដែលអាចបង្កឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះបារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជាឧបករណ៍ដែលនាំឱ្យមនុស្សវ័យក្មេងដែលមិនធ្លាប់ប្រើប្រាស់បារីសោះឱ្យឈានទៅរកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារីអេឡិត្រូនិកឈានទៅប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀតផងដែរ៕